បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០៥នាទី នៅចំណុចក្រុមទី០៧ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦២-២៦៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកclick ១គ្រឿង និងរថយន្តម៉ាកហាយឡែនឌឺ១គ្រឿងបណ្តាលអោយយុវជនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍អោយដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះកើងឡើងរវាងម៉ូតូ ០១គ្រឿង ម៉ាកហុងដា click ធុនC១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង ១V-០៨២៤ អ្នកបើកបរឈ្មោះ ហួត លីហួរ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បើកបរមកពីទិសខាងភ្នំពេញមុខទៅបាត់ដំបងលុះមកដល់ចំណុចកើតហេតុខាងលើ បានវេរចង្កូតមកខាងឆ្វេងជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាក Toyota High Lander ធុនទេសចរណ៍តូច ពណ៌ទឹកមាស ពាក់ស្លាកលេខ ពោធិ៍សាត់ ២B-៧៧៤៧ អ្នកបើកបរពុំដឹងអត្តសញ្ញាណ (រត់គេចខ្លួន) ដែលកំពុងបើកបរច្រាស់ទិសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ក្រោយទទួលដំណឹង កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែង រួចប្រគល់ជូនការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដោះស្រាយបន្តតាមនីតិវិធី-ច្បាប់។ ចំនែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕
មតិយោបល់