ភ្នំពេញៈ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនជាប់និងបង្កាន់ដៃកាំជណ្តើរ បណ្តាលឲ្យស្លាប់បាត់បងជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅក្នុងផ្ទះ តាមបណ្តោយផ្លូវបេតុង ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ តត ភាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ រត់រ៉ឺម៉កដឹកដែក មានទីលំនៅ នៅទីតាំងកន្លែងកើតហេតុ។
យោងតាមការបំភ្លឺពីឈ្មោះ ភឿក នីរ័ត្ន ត្រូវជាប្រពន្ធសពបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានអង្គុយផឹកស៊ីនៅមុខផ្ទះរបស់ខ្លួន ចំណែករូបគាត់ក៏បានចូលដេកមុន លុះដល់ម៉ោងប្រហែល ១១និង០០នាទីយប់ គាត់ភ្ញាក់ពីដំណេកហើយមិនឃើញប្ដីចូលដេក ក៏បានដើររកនៅក្នុងផ្ទះ ស្រាប់តែឃើញចង.កសម្លាប់ខ្លួននៅនឹងបង្កាន់ដៃជណ្ដើរនៅក្នុងផ្ទះស្លាប់បាត់ទៅហើយ។
ប្រភពដដែលបានបន្តទៀតថា ឃើញដូចនេះក៏បានយកកាំបិតកាត់ចំណងខ្សែចង.កទម្លាក់ចុះមកក្រោមដើម្បីជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យកោសល្យវិច័យ រួចទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់