ត្បូងឃ្មុំៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៥៥នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលម្លូរ បានចុះល្បាតក្នុងភូមិសាស្ត្រ ឃុំវាលម្លូរ ចំណុចក្នុងព្រៃចំការម្រេច ស្ថិតក្នុងភូមិ១០និងភូមិ៨ ក្នុងឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃើញមុខសញ្ញាសង្ស័យ០២នាក់ប្ដីប្រពន្ធ កំពុងឈរមុខខ្ទម ចាំចម្ការម្រេច ឃើញដូចនោះ សមត្ថកិច្ចបានធ្វើការសួរនាំ និងបានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន០១កញ្ចប់ ដែលឈ្មោះ ធី ចាន់ធូ ភេទស្រី ជាតិខ្មែរ កាន់ជាប់នឹងដៃ ហើយទម្លាក់ចោលនៅលើដីក្បែរនោះ ឃើញដូចនោះសមត្ថកិច្ចបានធ្វើការឆែកឆេរនៅក្នុងខ្ទម ក៏បានរកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាថ្នាំញៀនចំនួន០៤កញ្ចប់ទៀត រួមនឹងឧបករណ៍សម្រាប់ជក់ថ្នាំញៀន និងសម្ភារៈវេចខ្ចប់ មួយចំនួនទៀត ដែលឈ្មោះ ងួន វណ្ណសាក់ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះ ធី ចាន់ធូ លាក់ទុកក្នុងថង់ខ្មៅ ទុកក្នុងរោងចាំចំការនោះ ។ កម្លាំងជំនាញបានធ្វើការសួរនាំបន្ត និងបានកំណត់មុខសញ្ញា ជនសង្ស័យមួយចំនួនទៀត ដើម្បីចាត់ការបន្ត ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿង បញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមច្បាប់ ៕
មតិយោបល់