បន្ទាយមានជ័យៈ ដើម្បីឲ្យមានផលប៉ះពាល់តិចលើប្រជាពលរដ្ឋសម្រាប់គម្រោងខ្សែរបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ឆ្លងកាត់ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ កញ្ញា ២០១៦ នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ ក្រោមការចូលរួមពីសំណាក់ លោក ប្រាំង ជលសារ អគ្គនាយកបច្ចេកទេស និងជាអគ្គនាយករងអគ្គិសនីកម្ពុជា លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធពីស្រុកក្រុងមួយចំនួន។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ សូមឲ្យអាជ្ញាធរនិងសមត្ថកិច្ច នៃស្រុកក្រុងដែលមានខ្សែរបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុលឆ្លងកាត់យកទៅផ្សព្វផ្សាយ ជូនដល់ពលរដ្ឋឲ្យបានយល់ ពីគម្រោងនេះ ជាគម្រោងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍លើវិស័យអគ្គិសនី បានដល់លំនៅឋានពលរដ្ឋ គ្រប់ទីកន្លែង ឆ្នាំ២០២០ ហើយគម្រោងនេះ មិនមែនរបស់ក្រុមហ៊ុនចិនទេ គឺក្រុមហ៊ុនចិនជាអ្នកធ្វើដូចនេះ បើការសាងសង់បង្គោលចរន្តអគ្គិសនី ចំដីពួកគាត់សូមឲ្យមានការយោគយល់ខ្ពស់ ដល់រដ្ឋហើយផ្តល់ព័ត៌មានដល់អាជ្ញាធរទាំងពីរ បើមានការប៉ះពាល់ធ្ងន់ធ្ងរ ដើម្បីធ្វើការដោះស្រាយ។
ជាមួយគ្នានោះ លោកក៏បានសំណូមពរដល់ខាងអគ្គិសនីកម្ពុជាមុននឹងការសាងសង់ ប៉ះពាល់លំនៅឋានឫដីស្រែចំការសូមពិនិត្យឲ្យបានល្អិតល្អន់វាស់វែង ចៀសវាងមានការតវ៉ា នាំឲ្យរាំងស្ទះដល់ដំណើរការសាងសង់ និងធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់។
តាមការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គិសនីកម្ពុជាបានឲ្យដឹងថា គម្រោងខ្សែរបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅខេត្តកំពង់ចាម ឆ្លងកាត់ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ មានប្រវែងសរុប ៣៦២គីឡូម៉ែត្រនិងត្រូវដំណើរការចាប់ពីខែកញ្ញា នេះតទៅ។
ក្នុងកិច្ចប្រជុំដោះស្រាយនេះ ត្រូវបានអាជ្ញាធរស្រុកក្រុង លើកឡើងជា សំនួរជាច្រើនដែលជាបញ្ហាព្រោះ កន្លងមក មានការដោះស្រាយ ផលប៉ះពាល់ជាច្រើន ដូចជា ការដោះស្រាយផលប៉ះពាល់សាងសង់ ផ្លូវ និងបង្គោលភ្លើង ដែលតែងតែដោះស្រាយបាន និងបន្សល់បញ្ហាជាច្រើនដែរ៕
មតិយោបល់