តាកែវៈ ដោយមានការចង្អុលបង្ហាញពីសំណាក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញសង្កេតលើករណី តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ សៅ សុខខឿន ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ដោយបានប្តឹងពីឈ្មោះ ហេង ផល្លា (ហៅ ក្រវិល) នេះបានខ្ចីម៉ូតូពីកូនប្រុសរបស់ខ្លួនឈ្មោះ ប៉ា ហួនវុត្ថា (ហៅ ណូ) ភេទប្រុស អាយុ២៦ឆ្នាំ ក្នុងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ថាយកទៅទិញចំណីហូបបន្តិច ប៉ុន្តែក្រោយមកជនសង្ស័យនេះ មិនបានយកមកប្រគល់សងជូនម្ចាស់វិញឡើយ ដោយស៊ីដាច់តែម្តង។ ចំពោះម៉ូតូនេះគឺម៉ាក អ៊ិចស៊ីទ័រ ពណ៌ខ្មៅលាយទឹកក្រូច និងមានលេខតួ៩៥០៦៧៩ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចសមត្ថកិច្ច ក៏បានធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្យ័យខាងលើនេះបាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ហើយក៏បានធ្វើការសាកសួរ ជនសង្ស័យក៏បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ស៊ីដាច់ពិតប្រាកដមែន ដោយយកទៅបញ្ចាំ និងលក់ដាច់ អោយឈ្មោះ ហ៊ិន ដារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ក្នុងតម្លៃ៤០០ដុល្លា ។ ប៉ុន្តែម៉ូតូនេះឈ្មោះ ហ៊ិន ដារ៉ា បានលក់បន្តទៅអោយអ្នករកស៊ីម៉ូតូ នៅភ្នំពេញបាត់ទៅហើយ (មិនស្គាល់អត្តសញ្ញាណ) ។
បញ្ជាក់ៈ ចំពោះការទទួលបញ្ចាំនិងទិញម៉ូតូនេះ ដោយផ្អែកថានៅតំបន់ព្រំដែនកម្ពុជា-វៀតណាម គឺមានប្រភេទម៉ូតូអត់ពន្ធ ជាច្រើនជាហេតុធ្វើការទទួលទិញលក់ មិនមានលិខិតស្នាមច្បាស់លាស់ឡើយ ។
ករណីនេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងអ្នកទទួលផលចោរកម្មយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់