ក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកកំពុងបកស្រាយខុសគ្នាអំពីថ្ងៃចុងក្រោយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងការជម្លៀសដ៏ប្រញាប់ប្រញាល់នៃជនស៊ីវិលជាង១២៤.០០០នាក់ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថាជា«ជោគជ័យដ៏អស្ចារ្យមួយ»។
នៅស្របពេលពណ៌នាថាការដឹកជញ្ជូនតាមយន្តហោះចំនួន១៨ថ្ងៃជាកិច្ចការ«វីរភាព»និងធំបង្អស់ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនោះក្រុមមន្ត្រីទាំងនោះក៏បានពិភាក្សាពីការឈឺចាប់កំហឹងនិងការសោកស្តាយដែលពួកគេបន្សល់ទុកពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើន រួមមានអ្នកដែលមានលក្ខណៈសម្បត្តិទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេសមកសហរដ្ឋអាមរិកផងដែរ។
នៅពេលគេសួរថាតើអ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេស(SIV)ប៉ុន្មាននាក់មិនបានចាកចេញមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់ដែលទាក់ទិននៅក្នុងកិច្ចប្រតិបត្តិការជម្លៀសនោះបាននិយាយកាលពីថ្ងៃពុធថា«ខ្ញុំថាពួកគេភាគច្រើន»។
មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកក៏បានសម្តែងការរកាំចិត្តដែរថ្វីបើបានទទួលការសរសើរពីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ចំពោះភាពក្លាហានរបស់កងទ័ពក្នុងការជម្លៀសនេះក៏ដោយ។
នៅក្នុងការថ្លែងជាសាធារណៈជាលើកដំបូងរបស់លោកចាប់តាំងសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថានបានបញ្ចប់ជាផ្លូវការលោក Austin បានប្រាប់ក្រុមអ្នកយកព័ត៌មានថា«មិនដែលមានកិច្ចប្រតិបត្តិការណាល្អឥតខ្ចោះនោះទេ»។
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធថានៅពេលដែលយន្តហោះសហរដ្ឋអាមេរិកចុងក្រោយចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានជម្លៀសជនស៊ីវិលទាំងអស់ចំនួន១២៤.៣៣៤នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថានរួមមានពលរដ្ឋអាមេរិកាំង៦.០០០នាក់ផង។
បើតាមមន្ត្រីទាំងនោះអ្នកជម្លៀសប្រហែល៤៣.០០០នាក់នៅពេលបច្ចុប្បន្ននេះស្ថិតនៅក្នុងមូលដ្ឋានចំនួន១៤នៅក្នុងប្រទេសចំនួន៩ដោយពលរដ្ឋអាហ្វហ្គានីស្ថានចំនួន២០.០០០នាក់ទៀតបានស្ថិតនៅមូលដ្ឋានយោធានានានៅក្នុងសហរដ្ឋអាមេរិក។
ក្រុមមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថាចំនួនសរុបនៃពលរដ្ឋអាហ្វហ្គានីស្ថានមានហានិភ័យដែលបានចាកចេញនៅមិនទាន់ដឹងនៅឡើយទេ៕
មតិយោបល់