ត្រលប់ចូលកាន់អំណាចបានតែ២សប្តាហ៍ ក្រុមតាលីបង់បាន ស្គាល់រសជាតិជាលើកទី១ បាតុកម្ម តវ៉ារបស់ស្រ្តីអាហ្វហ្កានីស្ថាន។ នៅទីក្រុងHérat ភាគខាងលិចប្រទេស ស្រ្តីអាហ្វហ្កានីស្ថាន ជាង ៥០នាក់ ចុះថ្នល់ ធ្វើបាតុកម្ម ទាមទារសិទ្ធិទទួលបានការសិក្សា ការងារ និងសន្តិសុខក្នុងសង្គម។ តាមអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ទាហានតាលីបង់បានត្រឹមឈរមើល ដោយគ្មានអន្តរាគមន៍ ប្រើកម្លាំងហិង្សាបង្រ្កាបនោះទេ។
មានកាន់បដាសរសេរជាអក្សរអង់គ្លេស និងអាហ្វហ្កានីស្ថាន ស្រ្តីអាហ្វហ្កានីស្ថាន ផ្គើន មិនខ្លាចអំណាច អំពើហិង្សារបស់ទាហានតាលីបង់ដែលសំអាងច្បាប់អ៊ីស្លាមដើម្បីបំបិទសិទ្ធិមនុស្សស្រីនៅអាហ្វហ្កានីស្ថាន។ ពួកគេបានស្រែកថា “ពួកយើងមិនខ្លាច។ ពួកយើងរួបរួមគ្នាជានិច្ច”។ ពួកគេ បានស្រែក ទាមទារផងដែរ សិទ្ធិធ្វើការ និងតួនាទីក្នុងអនាគតរដ្ឋាភិបាលថ្មី។
តាមអ្នករៀបចំបាតុកម្មម្នាក់ ក្រុមតាលីបង់កំពុងបន្តចរចា ជាមួយគ្រប់ភាគី ដើម្បីបង្កើតរដ្ឋាភិបាល ដែលមានការចូលរួមពីគ្រប់និន្នាការនយោបាយ។ ប៉ុន្តែ នៅរាល់ការពិភាក្សា ចរចា គេមិនបាននិយាយពីការចូលរួមរបស់មនុស្សស្រី នោះទេ។
ប្រជាជនអាហ្វហ្កានីស្ថាន និងពិភពលោកកំពុងរង់ចាំតាមដាន មើលការបង្កើតរដ្ឋាភិបាលថ្មី ដែលក្រុមតាលីបង់បានសន្យា ដាក់បញ្ចូលគ្រប់ភាគីនយោបាយ។ តាមប្រភពតាលីបង់ ដែលដកស្រង់សំដីដោយ ទីភ្នាក់ងារព័ត៌មានបារាំង ថ្នាក់ដឹកនាំតាលីបង់អាចប្រកាសសមាសភាពរដ្ឋាភិបាលថ្មី នៅក្រោយពិធីសូត្រធម៌ នៅថ្ងៃសុក្រនេះ (ថ្ងៃទី ៣ កញ្ញា ២០២១)។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេស BBC អនុប្រធានការិយាល័យនយោបាយ នៅទីក្រុងដូហា ប្រទេសកាតារ Sher Mohammad Abbas Stanekzai បានអះអាងសាជាថ្មី ពីការសន្យាបង្កើតរដ្ឋាភិបាលចម្រុះ។ លោកបានបញ្ជាក់ដែរថា មនុស្សស្រីនឹងត្រូវអនុញ្ញាតឲ្យធ្វើការ ប៉ុន្តែ នឹងគ្មានមនុស្សស្រី ក្នុងតំណែងជាន់ខ្ពស់ របស់រដ្ឋាភិបាល ដូចជារដ្ឋមន្រ្តី ឬអ្នកទទួលខុសត្រូវសំខាន់របស់រដ្ឋាភិបាលនោះទេ។
អ្នកនយោបាយតាលីបង់ព្យាយាមបង្ហាញ ជំហរអធ្យាស្រ័យ ដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឲ្យ បំភ្លេចចោល រូបភាពផ្តាច់ការ ការប្រព្រឹត្តអំពើហិង្សាទៅលើអ្នកប្រឆាំង និងការអនុវត្តច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹងបិទសិទ្ធិ មនុស្សស្រី នៅក្នុងអំឡុងកាន់អំណាចពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១៕
មតិយោបល់