ទីភ្នាក់ងារព័ត៌មាន Bakhtar បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមតាលីបង់បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងសមាជិករបស់រណសិរ្សតស៊ូជាតិនៅខេត្ត Panjshir នៅភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។
ប្រភពពីយោធាមួយបាននិយាយថា «ក្នុងកំឡុងប្រតិបត្តិការនោះ ពួកសកម្មប្រយុទ្ធចំនួន ៩នាក់ត្រូវបានសម្លាប់ រួមទាំងមេបញ្ជាការតំបន់ចំនួន ២នាក់ផងដែរ ខណៈដែលអាវុធ និងគ្រាប់រំសេវមួយចំនួនធំត្រូវបានរឹបអូស»។
យោងតាមទីភ្នាក់ងារសារព័ត៌មានអាហ្វហ្គានីស្ថានបានឱ្យដឹងថា ពួកតាលីបង់បានបំផ្លាញជួរកាំភ្លើងរបស់សត្រូវចំនួន ១១ទីតាំងនៅក្នុងតំបន់ Derbent-Garani តំបន់ Gulbahar និងតំបន់ Shatal ។
កាលពីថ្ងៃពុធរណសិរ្សតស៊ូជាតិបានបដិសេធព័ត៌មានដែលថា ក្រុមរ៉ាឌីកាល់បានកាន់កាប់ទីតាំងចំនួន ៦ នៅជាយខេត្ត Panjshir Gorge ដែលជាកន្លែងឈរជើងសំខាន់របស់អ្នកសកម្មប្រយុទ្ធតាលីបង់។
លោក Fahim Dashti អ្នកនាំពាក្យរបស់កងកម្លាំងតស៊ូជាតិបានបញ្ជាក់ថា ក្នុងរយៈពេលមួយថ្ងៃកន្លងមក ក្រុមតាលីបង់បានបើកការវាយប្រហារជាច្រើនទៅលើខេត្ត Panjshir ប៉ុន្តែពួកគេត្រូវបរាជ័យ។ យោងតាមលោក Dashti បានឱ្យដឹងថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ៤០នាក់ត្រូវបានសម្លាប់ និង ៣៥នាក់ផ្សេងទៀតរងរបួស។ ក្រុមរ៉ាឌីកាល់កំពុងធ្វើសកម្មភាពអរិភាពពីតំបន់ Baghlan នៃខេត្ត Panjshir ។
នៅពេលមុននេះ មេដឹកនាំជាន់ខ្ពស់របស់ក្រុមតាលីបង់ លោក Amir Khan Muttaqi ដែលត្រូវបានតែងតាំងជាអភិបាលខេត្ត Panjshir បាននិយាយថា កិច្ចចរចារវាងក្រុមតាលីបង់ និងរណសិរ្សតស៊ូជាតិបានទទួលបរាជ័យ៕
មតិយោបល់