ព័ត៌មានជាតិ

មន្រ្តីជំនាញ «ក.ប.ប.» ចុះស្រាវជ្រាវករណីសង្ស័យពុលស្រាស្លាប់៣នាក់នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំបានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឲ្យមានប្រជាពលរដ្ឋចំនួន០៣នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។
កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះដល់កន្លែងកើតហេតុ និងបានរកឃើញនិងយកគំរូស្រាដែលជនរងគ្រោះបានបរិភោគសល់ យកមកវិភាគនៅមន្ទីរពិសោធន៍ រកសារធាតុមេតាណុល ដែលជាសារធាតុពុល។ យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បាន បង្ហាញឱ្យឃើញថា៖ ក្នុងចំណោមគំរូស្រាចំនួន០៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន០៣គំរូមានវត្តមានសារធាតុមេតាណុលពី ១.៣% រហូតដល់ ៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី១៣ ដល់ ៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុតសម្រាប់អ្នកបរិភោគ។
បន្ទាប់ពីទទួលបានលទ្ធផលវិភាគ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រាមួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។
ជាមួយគ្នានេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង ចំនួន ៤៨យួរ (មួយយួរ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន។ មន្រ្តីជំនាញនឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីទាំងចែកចាយនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក។
សូមអំពាវនាវដល់អាជីវករទាំងអស់សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង និងសូមទាក់ទងប្រគល់ជូនអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំទេចចោល៕

 

មតិយោបល់