ព័ត៌មានជាតិ

លោក Yoshihide Suga ​នឹងមិនឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីជប៉ុន ទៀតនោះទេ

ថ្ងៃទី​៣កញ្ញា លោក​​ យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានប្រកាសប្រាប់អ្នកកាសែតថា លោកចង់ទុកកម្លាំងថាមពល និងពេលវេលា ដើម្បីដោះស្រាយ​បញ្ហាវិបត្តិជម្ងឺឆ្លងកូវីដ​១៩ ដែលកំពុងអង្រួន​ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ។ ដូច្នេះលោក​នឹងមិន​ឈរឈ្មោះ ក្នុងការបោះឆ្នោត ជ្រើសរើសប្រធានគណបក្សសេរីប្រជាធិបតេយ្យ (PLD) នៅថ្ងៃទី២៩កញ្ញាខាងមុខនេះ។

លោក​បញ្ជាក់ថា កិច្ចការដឹកនាំគណបក្ស គឺតម្រូវឲ្យ​ចំណាយពេលវេលា នឹងថាមពលច្រើនណាស់ ដែលធ្វើឲ្យ​លោកត្រូវតែបង្ខំចិត្ត សម្រេចបោះបង់ចោល ដើម្បីផ្តុំកំលាំងនិងពេលវេលា គិតគូរពីបញ្ហាកូវីដ​វិញ។ លោក​នាយករដ្ឋមន្ត្រីជប៉ុន លើកឡើងថា នៅសប្តាហ៍ក្រោយ​ លោក​នឹង​ធ្វើសន្និសីទកាសែតមួយទៀត ទាក់ទិននឹងបញ្ហានេះ។

គួរបញ្ជាក់ថា យោងតាមការស្ទាបស្ទង់មតិ ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស គឺលោក លោក​​ យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា ពិតជាមានសង្ឃឹមថាអាចជាប់ជាប្រធានបក្សម្តងទៀត។ ការដែល​លោក​បាន​សម្រេចចិត្តមិនឈរឈ្មោះនេះ មានន័យថា លោក​បាន​សម្រេចចិត្តបោះបង់​បេក្ខភាពលោក ក្នុងនាមជានាយករដ្ឋមន្ត្រីមួយអាណត្តិទៀត។

ក្នុង​វ័យ​ ៧២ឆ្នាំ លោក លោក​​ យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានចូលមកកាន់តំណែង បន្តពីលោក ស៊ីនហ្សូ អាបេ នៅខែកញ្ញាឆ្នាំ២០២០ បន្ទាប់ពីលោក ស៊ីនហ្សូ អាបេ បានលាចេញពីតំណែង ដោយសារ​បញ្ហាសុខភាព។ មានការគាំត្រខ្លាំងពេលដំបូង ពីសំណាក់ប្រជាជនជប៉ុន ប្រជាប្រិយភាព​របស់​លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានធ្លាក់ចុះខ្លាំង ប្រមាណ​១ឆ្នាំមកនេះ ដោយសារតែបញ្ហាជំងឺឆ្លងកូវីដ១៩។

យោងតាម​ការស្ទាបស្ទង់មតិចុងក្រោយ រដ្ឋាភិបាល​របស់​លោក​បានទទួលការពេញចិត្តពីសំណាក់​ប្រជាជន​ជប៉ុន មិនដល់៣០%ផងទេ។ ប្រជាជនជប៉ុន​ភាគច្រើន បានរិះគន់រដ្ឋាភិបាលរបស់​លោក ដែលមានៈចង់រៀបចំកម្មវិធីប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ខណៈដែលវិបត្តិជំងឺឆ្លងកូវីដ​១៩ មានស្ថានភាពធ្ងន់ធ្ងរ។ ជាងនេះទៀត យុទ្ធនាការចាក់វ៉ាក់សាំងបង្ការនៅជប៉ុន បានដំណើរការទៅយ៉ាងយឺតយ៉ាវបំផុត។

គួរបញ្ជាក់ថា អ្នកដែលនឹងឡើងមកធ្វើជាប្រធានគណបក្ស សេរីប្រជាធិបតេយ្យ ក្រោយ​ការបោះឆ្នោតថ្ងៃទៅ២៩កញ្ញាខាងមុខ​នេះ គឺនឹងអាចឡើងជានាយករដ្ឋមន្ត្រីជប៉ុន ដោយសារតែគណបក្សនេះ មានសម្លេងភាគច្រើននៅក្នុងសភាស្រេចទៅហើយ៕

 

មតិយោបល់