បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានទៅងូតទឹកស្រះហើយលង់ស្លាប់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លឿម រឹត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះបើតាមការបំភ្លឺឲ្យដឹងពីស្ត្រីជាប្រពន្ធ ឈ្មោះ ឡាត ឧឹក អាយុ៤៣ឆ្នាំ និយាយថា ប្តីរបស់គាត់ធ្លាប់ផឹកស្រាជាប្រចាំថ្ងៃ ហើយក្នុងរយៈពេល០២ថ្ងៃនេះ ប្តីរបស់គាត់បានដាច់ស្រាមិនហ៊ានផឹក ព្រោះទើបចាក់វ៉ាក់សាំង ធ្វើអោយគាត់មានសភាពញ័រដៃញ័រជើង ។ នៅមុនពេលកើតហេតុ នៅចន្លោះម៉ោង០៤ល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ គាត់បានដើរទៅងូតទឹកស្រះ នៅចំងាយពីផ្ទះប្រហែល១០០ម៉ែត្រ ដូចសព្វមួយដង រហូតដល់ម៉ោង ០៥និង៣០នាទីល្ងាចថ្ងៃដដែល មិនឃើញគាត់ត្រឡប់មកវិញ ក៏នាំកូនដើរទៅរកនៅកន្លែងងូតទឹក ក៏ឃើញប្តីគាត់លង់ទឹកស្រះស្លាប់ ហើយបានរត់ទៅរាយការណ៍ប្រាប់មេភូមិ ។
នគរបាលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចនិងអាជ្ញាធរ បានបង្កើតគណៈកម្មការ ដែលមានសមាសភាពដូចខាងក្រោម៖ ១/-នគរបាលផ្នែកពិនិត្យនិងវិភាកកន្លែងកើតហេតុ, ២/-នគរបាលផ្នែកព្រហ្មទណ្ឌ, ៣/-នគរបាលប៉ុស្តិ៍បុស្បូវ, ៤/-គ្រូពេទ្យមណ្ឌលសុខភាពបុស្បូវបានធ្វើតេសរកមេរោគកូវីដ១៩បានបញ្ជាក់ថាអវិជ្ជមាន, ៥/-ក្រុមប្រឹក្សាឃុំបុស្បូវ, ៦/-លោកមេភូមិព្រីងកោងការពិនិត្យសពរកមេរោគកូវីដ១៩ អវិជ្ជមាន និងពិនិត្យលើដងខ្លួនសព ក៏ពុំឃើញមានស្លាកស្នាមអ្វី ដែលជាប់ពាក់ពន្ធ័ទៅនឹងអំពើឃាតកម្មទេ ។
ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកស្រះ ប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់