ព័ត៌មានជាតិ

ម៉ូតូឌ្រីមសង់បើកវ៉ាជែង បណ្តាលឲ្យជ្រុលបុករថយន្តហាយលែនឌ័រ រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង និងអ្នកបើកបរម៉ូតូរងរបួស បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ បេតុងផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តម៉ាក ហាយលែនឌ័រ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-2653 ធ្វើដំណើរពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង ស៊េរីឌ្រីមសង់ ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1BW-9734 បើកបរដោយបុរសម្នាក់ បើកបរក្នុងទិសដៅពីលិចទៅកើត បានវ៉ាជែងរថយន្ត មួយគ្រឿងទៀត ទើបជ្រុលមកបុកជាមួយរថយន្ត ហាយលែនឌ័រពេញទំហឹង បណ្តាលរងការខូចខាតទាំងសងខាង និងអ្នកបើកបរម៉ូតូរងរបួស ។

ក្រោយកើតហេតុ បន្ទាប់ពីមានវត្តមានសមត្ថកិច្ចចុះជួយសម្របសម្រួល ទើបភាគីទាំងសងខាងព្រមយកសម្ភារៈជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងតែម្តងព្រោះមិនចង់វែងឆ្ងាយ ៕

មតិយោបល់