ភ្នំពេញៈ ស្ត្រីម្នាក់បានដឹកក្មួយស្រីបង្កើតអាយុ០៨ឆ្នាំម្នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ធ្វើការដាក់ពាក្យបណ្តឹង ចោទប្រកាន់ឪពុកចុងរបស់ក្មួយស្រីថា បានធ្វើសកម្មភាពចាប់រំលោភក្មួយស្រី ដែលត្រូវជាកូនចុងតាំងពីអាយុ០៦ឆ្នាំ បានសម្រេចជាច្រើនដង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ។
កុមារីរងគ្រោះមានអាយុ០៨ឆ្នាំ និងម្តាយអាយុ៤៧ឆ្នាំ ។ ចំណែកឯឪពុកចុងមានអាយុ៤៨ឆ្នាំ មុខរបរជាសន្តិសុខឯកជនមួយកន្លែង ទាំង០៣នាក់នេះ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីស្ត្រីម្នាក់មានឈ្មោះ ដេត អាយុ៤៦ឆ្នាំ ត្រូវជាមីងបង្កើតរបស់កុមារីរងគ្រោះខាងលើ បាននិយាយរៀបរាប់ ប្រាប់ឲ្យដឹងថា កុមារីរងគ្រោះបានរស់នៅឃ្លាតឆ្ងាយពីឪពុកបង្កើត តាំងពីគេមានអាយុ០៦ឆ្នាំមកម៉្លេះ គឺបន្ទាប់ពីឪពុកម្ដាយ របស់គេបានឈ្លោះប្រកែក រស់នៅមិនចុះសម្រុងគ្នា រហូតធ្វើការលែងលះចែកផ្លូវគ្នា ។ ហើយក្រោយពីការលែងលះគ្នា កុមារីរងគ្រោះត្រូវបានម្តាយយកមកចិញ្ចឹម មើលថែរក្សា និងស្នាក់នៅជុំគ្នាជាមួយលោកយាយ និងមីងមារប៉ុន្មាននាក់ទៀត នៅក្នុងផ្ទះជួលមួយកន្លែងម្តុំផ្សារទំនប់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
ប្រភពដដែលបន្តទៀតថា អស់រយៈពេលប្រមាណពីរទៅបីខែ ក្រោយពីស្ត្រីជាម្តាយរបស់កុមារីរងគ្រោះ បានលែងលះគ្នា ជាមួយនឹងឪពុកកុមារីរងគ្រោះ ។ ស្ត្រីជាម្តាយនោះក៏បានបង្កាត់ភ្លើងស្នេហ៍ ជាមួយនឹងបុរសជាឪពុកចុង ដែលជាបុរសពោះម៉ាយ ធ្លាប់មានប្រពន្ធនិងកូនរួច ដែរមកហើយ ។ រហូតស្ត្រីជាម្តាយសម្រេចចិត្តនាំបុរសជាឪពុកចុង មករស់នៅផ្ទះជួលជាមួយកូនស្រី ដែលជាកុមារីរងគ្រោះ រួមជាមួយក្រុមគ្រួសារ ដោយមិនបានរៀបចំកម្មវិធី ។ ហើយមិនយូរប៉ុន្មាន ដោយការរស់នៅក្នុងក្រុមគ្រួសារ មិនសូវចុះសម្រុងគ្នា ស្ត្រីជាម្តាយនិងឪពុកចុងរួមជាមួយកុមារីរងគ្រោះ ក៏បាននាំគ្នាទៅស្នាក់នៅបន្ទប់ជួលដែលនៅក្នុងសង្កាត់ គោកឃ្លាង រីឯសមាជិកក្នុងក្រុមគ្រួសារខ្លះទៀត ក៏បានរស់នៅផ្សេងៗពីគ្នាផងដែរ ។ ក្រោយពីទៅរស់នៅផ្សេងពីគ្នាជាមួយនឹងគ្រួសារ កុមារីរងគ្រោះ ក៏ឧស្សាហ៍ត្រូវបានឪពុកចុងដឹកទៅលេងលោកយាយ ដែលស្នាក់នៅម្តុំវត្តទួល ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ប្រភពខាងលើបានបន្តទៀតថា នៅរសៀលថ្ងៃកើតហេតុ កុមារីរងគ្រោះក៏ត្រូវបានឪពុកចុង ដឹកតាមម៉ូតូទៅលេងផ្ទះលោកយាយ របស់នាងជាធម្មតា ។ ខណៈពេលដែលទៅដល់កុមារីរងគ្រោះ ហាក់ដូចជាមានអាការស្លេកស្លាំងខុសពីធម្មតា ពេលនោះអ៊ំនិងមីង របស់កុមារីរងគ្រោះ ក៏បានសួរនាំតែកុមារីរងគ្រោះ មិនព្រមនិយាយស្ដីអ្វីនោះទេ ។ លុះដល់វេលាម៉ោង០៥ល្ងាច ថ្ងៃដដែលដោយអ៊ំមីង មារបស់កុមារីរងគ្រោះ មិនអស់ចិត្តក៏ព្យាយាមសួរនាំទៅកុមារីរងគ្រោះ រហូតនាងបានឆ្លើយរៀបរាប់ថា នាងត្រូវបានឪពុកចុងចាប់ រំលោភ បានសម្រេចជាច្រើនដង គឺតាំងតែពីនាងមានអាយុ០៦ឆ្នាំមកម៉្លេះ ពោលគឺតាំងពីរស់នៅជុំគ្នាជាមួយនឹងលោកយាយនៅផ្ទះ ជួលផ្សារទំនប់ នាងមិនហ៊ាននិយាយប្រាប់អ្នកណានោះទេ ព្រោះត្រូវបានឪពុកចុងគំរាមវាយធ្វើបាប បើនាងហ៊ាននិយាយប្រាប់ រឿងនោះឲ្យគេដឹង ហើយនៅថ្ងៃកើតហេតុ ពេលដែលឪពុកចុងដឹកនាងទៅលេងផ្ទះលោកយាយ ក៏ឪពុកចុងនោះបានលូកដៃ មកស្ទាបអង្អែលប្រដាប់ភេទនាង ពេលដែលកំពុងជិះម៉ូតូតាមផ្លូវផងដែរ ។
បន្ទាប់ពីឮសម្តីរៀបរាប់ពីកុមារីរងគ្រោះ សាច់ញាតិរបស់កុមារី បានស្លុតចិត្តអាណិតជាខ្លាំង រួចក៏បាននាំកុមារីរងគ្រោះទៅប៉ុស្តិ៍នគរ បាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការដាក់ពាក្យបណ្តឹងតែម្ដង ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ក៏បានចុះទៅបន្ទប់ជួលរបស់ស្ត្រីជាម្តាយ របស់កុមារីរងគ្រោះ ដើម្បីធ្វើការនាំខ្លួនម្តាយ និងឪពុកចុងរបស់កុមារីរងគ្រោះ យកមកធ្វើការ សួរនាំ ។ ប៉ុន្តែខណៈពេលនោះ បុរសជាឪពុកចុងបានចេញទៅធ្វើការបាត់ទៅហើយ ទើបសមត្ថកិច្ចបាននាំស្ត្រីជាម្តាយមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីសាកសួរ ។
តាមសម្ដីស្ត្រីជាម្តាយ បានឆ្លើយបដិសេធន៍ ជឿថាប្តីថ្មីរបស់នាង ប្រព្រឹត្តអំពើបែបនេះនោះទេ ។ ព្រោះគាត់រស់នៅជាមួយនឹងប្តីថ្មី របស់នាងរយៈពេលជាង០២ឆ្នាំមកនេះ គឺគាត់មានតែអប់រំបង្ហាត់បង្រៀនកុមារីរងគ្រោះ រហូតមក ហើយបើរឿងប្តីថ្មីគាត់ចាប់រំលោភ កុមារីរងគ្រោះ ដែលជាកូនស្រីបង្កើតរបស់គាត់ គឺគាត់មិនជឿជាដាច់ខាត ព្រោះប្តីថ្មីរបស់គាត់នោះ ៣ខែមិនទាន់ នឹងប៉ះសាច់ គាត់ម្ដងផង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានទទួលពាក្យបណ្ដឹង របស់មីងកុមារីរងគ្រោះ ហើយក៏បានឲ្យពួកគេត្រឡប់ទៅផ្ទះវិញសិនចុះ រង់ចាំព្រឹកស្អែកសមត្ថកិច្ច ធ្វើការស្រាវជ្រាវជាបន្តទៀត ៕
មតិយោបល់