(កាប៊ុល)៖ ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកម្នាក់បានព្រមានថា សង្រ្គាមស៊ីវិលទ្រង់ទ្រាយធំមួយអាចនឹងផ្ទុះឡើង ដែលនេះគឺជាឱកាសឱ្យក្រុមភេរវករពង្រីកឥទ្ធិពល ឡើងវិញ ខណៈក្រុមអ្នកប្រយុទ្ធតាលីបង់បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើចលនាតស៊ូនៅក្នុងខេត្ត Panjshir។
នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley ធ្វើការព្រមានបែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍ មុននេះ ហើយលោកក៏បានចោទសួរផងដែរអំពីសមត្ថភាពរបស់តាលីបង់ថា តើពួកគេអាចពង្រឹងអំណាចបានដែរឬក៏យ៉ាងណា ស្របពេលកំពុងផ្លាស់ប្ដូរពី ក្រុមឧទ្ទាម ទៅជារដ្ឋាភិបាលថ្មីមួយនោះ។
លោក Mark Milley បានលើកឡើងពីការយល់ឃើញយ៉ាងដូច្នេះថា «វាអាចទៅរួចដែលថា សង្រ្គាមស៊ីវិលទ្រង់ទ្រាយធំនឹងផ្ទុះឡើង ហើយវានឹងក្លាយជាឱកាសឱ្យក្រុមភេរវករដូចជា អាល់កៃដា ឬក៏ ISIS ជាដើម ពង្រីកឥទ្ធិពលឡើងវិញ»។
លោក Mark Milley កាលពីសប្ដាហ៍មុនក៏ធ្លាប់បានលើកឡើងដែរថា សហរដ្ឋអាមេរិកអាចនឹងសហការជាមួយក្រុមតាលីបង់ លើបញ្ហាមួយចំនួនតូច ក្នុងនោះជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS តែម្ដង។ Panjshir គឺជាខេត្តតែមួយគត់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលមិនទាន់ធ្លាក់ចូលក្នុងដៃតាលីបង់៕
ប្រភព៖ AFP
មតិយោបល់