ព័ត៌មានជាតិ

ម៉ូតូ​HONDA BEAT បុករ៉ឺម៉កដឹកអេតចាយពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់និងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង៤៩នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៨៣–៨៤ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។

ហេតុការណ៍នេះកើតឡើងនៅចំណុចស្រែតាំងយ៉ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ​០១គ្រឿងម៉ាក HONDA BEAT ពណ៌ស​ ពាក់ស្លាកលេខ​ កំពង់​ឆ្នាំ​ង​1K-6247 បើកបរដោយឈ្មោះ​ លន់​ សុខឡេង​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ រស់នៅ​ភូមិ​គក​ ឃុំខុនរ៉ង​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង ​(ស្លាប់​នឹងកន្លែង)​ និងអ្នករួមដំណើម្នាក់​ឈ្មោះ​ ស​ សុភាព​ ភេទប្រុស​ អាយុ​ ២១​ ឆ្នាំ រស់នៅ​ភូមិកន្សែង​ ឃុំខុនរ៉ង​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង ​(របួសធ្ងន់​បាក់ភ្លៅខាងស្តាំ)​ បើកបរក្នុងទិសដៅពីលិចទៅកើត​ លុះដល់កន្លែងកើតហេតុ​ខាងលើ បានជ្រុលទៅបុកយ៉ាងពេញទំហឹង ​ចំពីក្រោយម៉ូតូ​សណ្តោងរ៉ឺម៉កអេតចាយ​​ម៉ាក​ WAVE អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសស្របគ្នា ចំពោះអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កបានរត់គេចខ្លួនបាត់ ​។

រីឯអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្ត​ពោធិ៍សាត់ ​។

របាយការណ៍បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿននិងខ្វះការប្រុងប្រយ័ត្ន ។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់