កណ្ដាលៈ កាលពីវេលាម៉ោង១២ និង៥៥នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ) ឃាត់បានជនសង្ស័យម្នាក់ នៅចំណុចក្នុងផ្សារព្រែកហូរ (តូបគ្មានលេខ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យខាងលើឈ្មោះ ឃុត ធីតា ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកកាត់ សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ កត់ឆ្នោត។
វត្ថុតាងចាប់យក៖
– កាតុងកត់ឆ្នោតរួច ៣៨សន្លឹក (ឆ្នោតខ្មែរ និងវៀតណាម)
– បុងកត់ឆ្នោត ០១ក្បាល ចំនួន ៦០សន្លឹក
– ម៉ាស៊ីនព្រីនឆ្នោតម៉ូឌែល ចំនួន ០២គ្រឿង និងម៉ាស៊ីនព្រីនឆ្នោតខ្មែរចំនួន ០២គ្រឿង
– លុយខ្មែរ ១៤០.០០០រៀល (ដប់បួនម៉ឺនរៀល)
– លុយដុល្លារ ២១ដុល្លារ (ម្ភៃមួយដុល្លារ)
– ក្រដាសដានចំនួន ០២សន្លឹក
– ម៉ាស៊ីនគិតលេខចំនួន ០២គ្រឿង
– ដែកកិប ០១ និង កន្ត្រៃ ១
– បន្ទាត់ស០១ និង ប៊ិច០៦ដើម
– ទូរស័ព្ទម៉ាក Camfone ពណ៌ស ០១គ្រឿង និងទូរស័ព្ទម៉ាក Nokia ពណ៌ស ០១គ្រឿង
– កញ្ច្រែង ០១ ពណ៌ខៀវ និងកន្រ្តក ០១ ពណ៌ផ្កាឈូក ។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា៖ មានការកត់កន្ទុយលេខខុសច្បាប់ យ៉ាងសកម្ម សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល បានចុះទៅដល់កន្លែងកើតហេតុ បង្រ្កាបនិងនាំខ្លួន ឈ្មោះ ឃុត ធីតា រួមនិងវត្ថុតាងខាងលើបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។
តាមចម្លើយរបស់ឈ្មោះ ឃុត ធីតា បានឲ្យដឹងថា ខ្លួន កត់ឆ្នោតវៀតណាមជាងបីឆ្នាំមកហើយ ដោយយកឲ្យ មេនៅភ្នំពេញ (ហៅមេចាស់)។ តែក្នុងរយៈពេលជាងមួយខែនេះ បានប្តូរកត់ឲ្យ មេថ្មីឈ្មោះម៉ៅ នៅម្តុំព្រែកកំពឹស ហើយនគរបាលប៉ុស្ត៍ព្រែកហូរបានមកប្រាប់ឲ្យ ឈប់កត់ឆ្នោតវៀតណាមខុសច្បាប់ទៀតទៅ កត់តែឆ្នោតខ្មែរណាដែលមានច្បាប់ត្រឹមត្រូវបានហើយ ទើបខ្លួនឈប់កត់ឆ្នោតវៀតណាម ខ្លាចគេចាប់ ក៏ប៉ុន្ដែនៅលួចកត់ឆ្នោតវៀតណាមឲ្យ ម៉ូយដែលស្គាល់ៗ រួចផ្ញើឲ្យអ្នកកត់នៅជិតគ្នាហ្នឹងបន្តទៅ។
ចំណែកឆ្នោតខ្មែរ កត់មានវិញ្ញាបនបត្រត្រឹមត្រូវ បញ្ជាក់ផ្តល់សិទ្ធិលក់ចុះថ្ងៃទី១១ .៧.២០១៨ ដល់១០.០១.២០១៩។ ករណីនេះ សមត្ថកិច្ច បានកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់