ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម

ព្រៃវែង: នៅព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៦ នៅខេត្តព្រៃវែង បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្មក្រោមអធិបតីភាព ឧត្តមសេនីយ៍ បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី  តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី។

លោក កែវ សេន អភិបាលរងខេត្តព្រៃវែង បានមានមតិណែនាំដល់អង្គពិធីទាំងអស់ត្រូវខិតខំត្រងត្រាប់ ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសនាម ដើម្បីឲ្យយល់កាន់តែច្បាស់ពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម ហើយយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តទៀត។

លោក ឧត្តមសេនីយ៍ បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី   បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយច្បាប់ថ្ងៃនេះមានគោលបំណង  ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ សម្រាប់ហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម ។ ចែករំលែកបទពិសោធន៍ពាក់ពន្ធ័នឹងបញ្ហានានា ស្តីពីការទប់ស្កាត់អាវុធមហាប្រល័យ  ដើម្បីឲ្យអង្គពិធីយល់ដឹងបានកាន់តែស៊ីជម្រៅ មានសមត្ថភាព និងជំនាញច្បាស់លាស់  ក្នុងការអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់។

កម្មវិធីថ្ងៃនេះមានសារ:សំខាន់ណាស់ ដើម្បីបង្កើនសន្តិសុខ សុវត្ថិភាព សម្រាប់ការរស់នៅ ជូនប្រជាពលរដ្ឋ  ក៏ដូចជាការអនុវត្តតាមការណែនាំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវអនុក្រិត្យស្តីពីសារធាតុគីមី ដែលទាក់ទងទៅនិងការផលិត អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម ហើយអនុក្រិត្យនេះមានគោលបំណង បង្កើនប្រសិទ្ធិភាពលើការគ្រប់គ្រងសារធាតុគីមី  ផលិតផលគីមី  និងផលិតផលប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព ផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ទៅដល់ប្រជាជន អំពីភាពអាចបង្កគ្រោះថ្នាក់នៃសារធាតុគីមី ផលិតផលគីមី  និងផលិតផលគីមីប្រើប្រាស់។

ឧត្តមសេនីយ៍ សង្ឃឹមថា ពិធីផ្សព្វផ្សាយថ្ងៃនេះ និងនាំមកនូវការចែករំលែក ចំណេះដឹង បទពិសោធន៍ល្អៗរវាងគ្នា និងគ្នា ដើម្បីរួមគ្នាសហការផ្សព្វផ្សាយ ដល់មូលដ្ឋាន បងប្អូនកូនចៅ ក្រុមហ៊ុនអាជីវកម្ម រោងចក្រ សហគ្រាស ដែលស្ថិតនៅមូលដ្ឋាន  ដើម្បីឲ្យយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្ន  និងការពារខ្លួន  ដើម្បីបញ្ជៀសឲ្យបាននូវរាល់បញ្ហា ដែលអាចកើតមានឡើងពីផលប៉ះពាល់ពីអាវុធទាំងនេះ ជាពិសេសពីសារធាតុគីមីផ្សេងៗ៕

photo_2016-08-17_19-30-11

photo_2016-08-17_19-30-18

photo_2016-08-17_19-30-24

មតិយោបល់