ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វិធានការផ្លូវច្បាប់លើម្ចាស់យានយន្តកែច្នៃ នឹងត្រូវអនុវត្តចាប់ពីខែកញ្ញា តទៅ

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសចាត់វិធានការក្ដៅអនុវត្តតាមផ្លូវច្បាប់ លើម្ចាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់ ចាប់ពីដើមខែកញ្ញាតទៅ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ ចុះថ្ងៃទី១៦ ខែសីហា ដែលទើបចេញផ្សាយតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួង នាព្រលប់ថ្ងៃទី១៧ ខែសីហានេះ ឲ្យដឹងថា ក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦តទៅ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់យានយន្តទាំងឡាយ ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស។ ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឲ្យម្ចាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់យកយាន្តរបស់ខ្លួនទៅកែតម្រូវលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេសអំពីទំហំរបស់យាន រួមមានរថយន្តសណ្ដោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងទំហំទ្រុងរថយន្តដឹកទំនិញ ដែលច្បាប់បានកំណត់។

បទដ្ឋានលក្ខណៈបច្ចេកទេសអំពីទំហំរបស់រថយន្ត រថយន្តសណ្ដោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងទំហំទ្រុងរថយន្តដឹកទំនិញ ដែលច្បាប់បានកំណត់ រួមមាន ទី១- ប្រវែងទទឹងអតិបរមា មិនត្រូវឲ្យលើសពី២,៥០ម៉ែត្រ លើកលែងតែយានយន្តុបករណ៍ ដែលមិនត្រូវឲ្យលើសពី៣ម៉ែត្រ ទី២- ប្រវែងកម្ពស់អតិបរមា មិនត្រូវឲ្យលើសពី៤,២០ម៉ែត្រ ទី៣- ប្រវែងបណ្ដោយអតិបរមានៃរថយន្តនីមួយៗ មិនត្រូវឲ្យលើសពី១២,២០ម៉ែត្រ ទី៤- ប្រវែងបណ្ដោយអតិបរមានៃរថយន្តនីមួយៗ ដែលមានសណ្ដោងសឺមីរ៉ឺម៉ក មិនត្រូវឲ្យលើសពី១៦ម៉ែត្រ ទិ៥- ប្រវែងបណ្ដោយអតិបរមានៃរថយន្តនីមួយៗ ដែលមានសណ្ដោងរ៉ឺម៉ក មិនត្រូវឲ្យលើសពី១៨ម៉ែត្រ ទី៦- កម្ពស់អតិបរមានៃទ្រុងធម្មតា មិនត្រូវឲ្យលើសពី០,៥០ម៉ែត្រ គិតពីដំបូលយាន និងទទឹងទ្រុងអតិបរមាមិនត្រូវឲ្យលើសពីទទឹងកាប៊ីន ទី៧- កម្ពស់អតិបរមានៃទ្រុងជាប្រអប់បិទជិត មិនត្រូវឲ្យលើសពី០,៨០ម៉ែត្រ គិតពីដំបូលយាន និងទទឹងទ្រុងអតិបរមា មិនត្រូវឲ្យលើសពីទទឹងកាប៊ីន៕

13938304_560268284157516_7233289375605834320_o14063876_560268317490846_8370123703158677925_n

មតិយោបល់