កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉ឺន ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅភូមិឧកញ៉ាទេព ឃុំរលាំងគ្រើ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ ០៤ នាក់៖
១-ឈ្មោះ រឿន សារ៉ែន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត (អ្នកបើកម៉ូតូ ឃាត់ខ្លួន) ។
២-ឈ្មោះ សុខ មានមាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកឆក់ ឃាត់ខ្លួន) ។
៣-ឈ្មោះ សុខ ម៉េងម៉េង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ( ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល១៨ខែ ពីបទជួញសារធាតុញៀន ។ អ្នកទាំងបីរស់នៅនៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
៤-ឈ្មោះ វ៉ី វិថេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ( ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ -ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប៊ិកចំនួន០១គ្រឿង (ត្រូវជនសង្ស័យបោះចូល ទឹកបណ្ដាលឲ្យខូច) ។ -ម៉ូតូមួយគ្រឿង ម៉ាកហុងដា C110 ពណ៌ខៀវ ផលិតឆ្នាំ២០១២ លេខតួ និងលេខម៉ាស៊ីន 8013855 ពាក់ផ្លាកលេខភ្នំពេញ 1BK-5445 (របស់ជនសង្ស័យជិះធ្វើសកម្មភាព) ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីស្រុកស្អាង ខេត្តកណ្ដាល ឆ្ពោះទៅផ្ទះជួលនៅភូមិឧកញ៉ាទេព ឃុំរលាំងគ្រើ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ពេលជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបាននិយាយទូរស័ព្ទជាមួយស្វាមី បន្ទាប់ពីនិយាយ ទូរស័ព្ទរួចហើយ ជនរងគ្រោះបានទុកទូរស័ព្ទក្នុងឃ្លុបម៉ូតូ ពេលនោះស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូម៉ាកសង់ប៊ិក ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BK-5445 មកក្បែរហើយធ្វើសកម្មភាព ឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ពីឃ្លុបម៉ូតូហើយ ជិះគេចខ្លួន ទៅខាងលិច បន្ទាប់មកជនរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកថាចោរៗ ពេលនោះបានជួបជាមួយ កម្លាំងសមត្ថកិច្ច កំពុងល្បាតនៅតាមដងផ្លូវ ទើបនិយាយតាមប្រព័ន្ធវិទ្យុទាក់ទង ដើម្បីដេញព័ន្ធជនសង្ស័យ ។
ក្រោយមកកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ពើក និងប៉ុស្ដិ៍ឆក់ឈើនាង ប៉ុស្ដិ៍ក្រាំងម្កាក់ បានដេញស្ទាក់ ពេលនោះជនសង្ស័យទាំងពីរនាក់ បានបោះទូរស័ព្ទរបស់ជនរងគ្រោះចូលក្នុងទឹក ហើយជិះម៉ូតូគេចទៅផ្ទះរបស់ខ្លួន នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាងដើម្បីលាក់ខ្លួន ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងបក្ខពួកចំនួនពីរនាក់ដែលកំពុងលាក់ខ្លួនជាមួយគ្នា ចំពោះជនសង្ស័យ ទាំង០៤នាក់ រួមជាមួយវត្ថុតាង បាននាំមកអធិការដ្ឋាន ដើម្បីសួរនាំតាមនីតិវិធី ។
ក្រោយពីសួរនាំរួចហើយ ជនសង្ស័យឈ្មោះ រឿន សារ៉ែន បានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទ របស់ជនរងគ្រោះមែន ហើយនៅពេលខ្លួននឹងបក្ខពួក ធ្វើសកម្មភាពឆក់បានសម្រេចហើយ ក៏នាំគ្នាយកទៅលក់ដើម្បីបានលុយចាយ និងទិញថ្នាំញៀនចែកគ្នាប្រើប្រាស់ ។ ហើយចំពោះឈ្មោះ សុខ ម៉េងម៉េង និងឈ្មោះ វ៉ី វិថេត កន្លងមកធ្លាប់បានចូលរួម ធ្វើសកម្មភាព ឆក់បានមួយលើក និងប្រើប្រាស់សារធាតុញៀនជាមួយគ្នាផងដែរ ។
ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន (-) ចំពោះការធ្វើតេស្ដទឹកនោម លទ្ធផលមានសារធាតុញៀន នៅក្នុងទឹកនោម (+) ទាំងបួននាក់ ។ បច្ចុប្បន្នករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់