ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យ០៣នាក់ ករណីព្រួតគ្នាវាយយុវជន២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកងកម្លាំងដោយផ្ទាល់ ចុះបង្ក្រាបជនសង្ស័យចំនួន០៣នាក់ ក្រោយពីបានព្រួតគ្នាវាយទៅលើយុវជន២នាក់ កំពុងអូសម៉ូតូរកកន្លែងប៉ះកង់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ។

ករណីឃាតកម្មខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង២០នាទីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ សួន ឃាង អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះជួលក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្នាក់ទៀតមានសំណាងរត់រួចឈ្មោះ ហម ទ្រួស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិជម្រៅ ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង (ពុំមានរងរបួសឡើយ) ។

ដោយឡែកក្រុមជនដៃដល់មានគ្នាចំនួន០៣នាក់ ក្នុងនោះរួមមាន៖ ១-ឈ្មោះវុទ្ធី ស៊ីលន អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ២-ឈ្មោះ ជេត វីយូ អាយុ១៧ឆ្នាំ ៣-ឈ្មោះ ធឿន សុខលីន អាយុ២០ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ហម ទ្រួស បានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន (ជនរងគ្រោះទាំង២នាក់) បាននាំគ្នាជិះម៉ូតូ ចេញពីផ្ទះជួល នៅភូមិចម្ការឪឡឹកទៅរកទិញអីហូប ។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូបែកកង់ទៅមុខលែងរួច ។ ពេលនោះក៏បាននាំគ្នាបណ្ដើរម៉ូតូ ដើម្បី រកកន្លែងប៉ះកង់ជិះបន្តទៀត ។ ប៉ុន្តែកំពុងអូសម៉ូតូដើរសុខៗ ស្រាប់តែលេចមុខ ក្រុមជនដៃដល់ កាន់ដំបងឈើមូលទៅដល់ដេញមកវាយជនរងគ្រោះទាំង២នាក់ ។ ខណ:នោះខ្លួន (ជនរងគ្រោះឈ្មោះ ហម ទ្រួស) ក៏លោតចូលទៅក្នុងទឹកនិងរត់រួច រីឯជនរងគ្រោះឈ្មោះ សួន ឃាង រត់អត់ទាន់ក៏ត្រូវជនដៃដល់ វាយចំកញ្ចឹងក និងក្បាលរបួសធ្ងន់ធ្ងរ បន្ទាប់មកជនដៃដល់រត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុ គេបានបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់ តែដោយសារតែរបួស ធ្ងន់ពេកក៏បានស្លាប់នៅតាមផ្លូវ ។

បន្ទាប់មកបងស្រីជនរងគ្រោះ បានទៅដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ ភ្លាមៗនោះកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយឯក ម៉ន វុធី អធិការនគរបាលខណ្ឌ ។ ក្រោមការចង្អុលបង្ហាញដោយលោក ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ ហើយដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឈានដល់ការឃាត់ខ្លួនបានចំនួន០៣នាក់ នាំយកទៅសាកសួរ នឹងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

មតិយោបល់