ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះសហការ ចុះបង្ក្រាបរថយន្តដឹកសត្វមាន់រស់ចំនួន ១៤០០ក្បាល ពីប្រទេសវៀតណាម ក្នុងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង២៣ និង១៥នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងដោយមានការសម្របសម្រួលនីតិវិពី ឯកឧត្តម ឡុង ហុកម៉េង អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចាត់ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ ចុះស្ទាក់ចាប់រថយន្ត០១រឿង ម៉ាក HYUNDIA ពណ៍ស ដែលលួចដឹកសត្វមាន់ខុសច្បាប់ ពីវៀតណាមចូលមកកម្ពុជា។

បើតាមមន្ត្រីជំនាញមានសមត្ថកិច្ច ឲ្យដឹងថា រថយន្តខាងលើនេះ ជាប្រភេទរថយន្តដឹកទំនិញចំណុះ២,៥តោន ពាក់ស្លាកលេខត្បូងឃ្មុំ៣A ១៧៤៩ បានដឹកសត្វមាន់រស់ចំនួន ១២០តាកាស្មើនឹង ១៤០០ក្បាល ដោយក្រុមកាងារឃាត់បាននៅលើផ្លូវលេខ២៥៤ ចំណុចភូមិដក់ពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្ត្រីបសុព្យាបាល បន្ថែមថា រថយន្ត១ គ្រឿងនេះ បានធ្វើការនាំចូលសត្វមាន់រស់មកពីប្រទេសវៀតណាម មកប្រទេសកម្ពុជា តាមច្រកដូនរ័ត្ន ក្នុងស្រុកមេមត់ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រោយបង្ក្រាបក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ប្រភព៖​​​​​​ AKP

មតិយោបល់