ព័ត៌មានជាតិ

ស្រ្តីម្នាក់រងរបួសបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តសណ្តោងទូកុងតឺន័រ និងម៉ូតូ បណ្តាលឲ្យរបួសស្រ្តីម្នាក់ បញ្ជូនទៅមន្ទីពេទ្យ ចំណែកបុរសជាប្តីរបួសស្រាល ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ២នាក់ប្តីប្រពន្ធជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IS-3955 បើកបរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង 3A-0279 បើកចេញទិសដៅពីជើងទៅត្បូង រួចបត់ស្តាំបណ្តាលឲ្យបុកគ្នា រងរបួស ២នាក់ តែបុរសជាប្តីរបួសស្រាល ចំណែកស្រ្តីជាប្រពន្ធត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុបាញ់ថ្នាំ និងយកសម្ភារៈទាំងសងខាងដាក់អែបគៀនការពារការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហ៊ានសិន ៕

មតិយោបល់