ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់ជិះម៉ូតូធ្លាក់សម្ភារៈចុះរើស ត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលឲ្យស្លាប់

កណ្តាលៈ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០ និង ១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូធ្លាក់សម្ភារៈចុះរើស ត្រូវម៉ូតូមួយគ្រឿងទៀត បុកស្លាប់បាត់បង់ជីវិត នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ២៥-២៦ ស្ថិតនៅក្នុងភូមិ ស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក AIR BLADE ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1BX-4545 បើកបរដោយឈ្មោះ ហែម សារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមន្ត្រីនគរបាលជាតិ បំរើការងារក្នុងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ បើកបរក្នុងទិសដៅ ពីភ្នំពេញទៅអ្នកលឿង ។

លុះបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានធ្លាក់សម្ភារៈផ្ទាល់ខ្លួន នៅលើថ្នល់ជាតិ ហើយបានឈប់ម៉ូតូដើម្បីទៅរើសសម្ភារៈ ពេលនោះស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាក HONDA DRAEM C125 ពណ៌ទឹកប្រាក់ ស៊េរី2018 ពាក់ផ្លាកលេខ ភ្នំពេញ 1CY-4217 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅស្របគ្នា បានបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរម៉ូតូបង្ក បានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់ ។

ក្រោយពេលកើតហេតុ ម៉ូតូខូចខាតទាំងពីរគ្រឿង ត្រូវបានកម្លាំងផ្នែកសណ្តាប់ធ្នាប់ ស្រុកធ្វើការវាស់វែង យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវតាមនីតិវិធី ។ រីឯសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់