ព័ត៌មានជាតិ

លោក បៃដិន និងលោក ស៊ី ជិនពីង ពិភាក្សាគ្នាពីវិធីគ្រប់គ្រងកុំឱ្យសង្រ្គាមរវាងប្រទេសទាំង២ ផ្ទុះឡើង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបើកកិច្ចសន្ទនាមួយតាមទូរស័ព្ទដើម្បីពិភាក្សាគ្នាលើបញ្ហា មួយចំនួនដែលពាក់ព័ន្ធនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់។

មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែលបានឱ្យដឹងដែរថា នៅក្នុងកិច្ចសន្ទនានោះ លោក បៃដិន និងលោក ស៊ី ជិនពីង ក៏បានពិភាក្សាគ្នាផងដែរអំពីភាពចាំបាច់ ក្នុងការបញ្ចៀសកុំឱ្យការប្រកួតប្រជែងគ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ធ្លាក់ចូលក្នុងជម្លោះប្រដាប់អាវុធ ហើយកិច្ចសន្ទនានេះទៀតសោតគឺផ្ដោតសំខាន់លើ បញ្ហាសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ និងការឆ្លងរាតត្បាតជំងឺ COVID-19។

កិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ៩០នាទីនៅថ្ងៃសុក្រនេះ គឺកិច្ចសន្ទនាជាលើកទី២ រវាងមេដឹកនាំមហាយក្សសេដ្ឋកិច្ចទាំង២ ចាប់តាំងពីលោក ចូ បៃដិន បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក។ លោក បៃដិន និងលោក ស៊ី ធ្លាប់បាននិយាយគ្នាតាមទូរស័ព្ទម្ដងរួចមកហើយកាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ។ ប៉ុន្តែក្រោយកិច្ចសន្ទនានេះ ទំនាក់ទំនងរវាងប្រទេសទាំង២ មិនបានល្អប្រសើរឡើងនោះទេ ដោយទាំងចិន និងអាមេរិកបានប្រកាសដាក់ ទណ្ឌកម្ម និងរិះគន់ ក៏ដូចជាចោទប្រកាន់គ្នាទៅវិញទៅមកថា មិនបានគោរពតាមកាត្វកិច្ចរបស់ខ្លួនចំពោះអន្តរជាតិ៕

ប្រភព៖​ Reuters

មតិយោបល់