ភ្នំពេញៈ យោងតាមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចអាគារលេខ២០២០ ផ្លូវជាតិលេខ៥ ក្រុម១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារអស់មួយចំនួនផងដែរ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ៖ ម្ចាស់ទីតាំងឈ្មោះ យ៉ន ទាយាទ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរ ចំពោះមូលហេតុ នៃការឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ថ្មបេតុង ដែលមានទំហំ ៨ម៉ែត្រ គុណនឹង ២០ម៉ែត្រ ខូចខាតឆេះគ្រឿងសម្ភារបរិក្ខាក្នុងរថយន្តដឹកអ្នកដំណើរដែលស្តុកទុក នៅជាន់ទី៣ រួមមាន ក្នើយ ភួយ កំរាលពូក វាំងននរថយន្ត អស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ១ម៉ឺនដុល្លារអាមេរិក និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើរ ៦០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៤គ្រឿង, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើ ២០ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៦ម៉ែត្រគូប និងរថយន្តរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១០និង៤៥នាទីព្រឹកនាថ្ងៃដដែរ ៕
មតិយោបល់