ភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានសម្រេចចោទប្រកាន់លេីមន្ដ្រីនគរបាលខណ្ឌ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ខណៈអ្នកបើកម៉ូតូ ត្រូវបានចោទប្រកាន់ពីបទ បដិសេធមិនស្តាប់បង្គាប់បញ្ជា។ ការចោទប្រកាន់បុគ្គលទាំងពីរនាក់នេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងករណីនេះ មន្ដ្រីនគរបាលដែលវាយនារីម្នាក់ដោយអាយកូម បណ្តាលឱ្យបែកក្បាលនោះ ត្រូបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហេីយ ដើម្បីចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខណៈដែលនារីរងគ្រោះប្តឹងទាមទារសំណងចំនួន ១០០០០ដុល្លារ ដោយបានចាត់ទុកទង្វើនោះថា បានប៉ះពាល់ដល់អនាគតរបស់នាង។
សូមបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ និងអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ ចំណែកមន្ត្រីនគរបាលដែលបង្កហិង្សា មានឈ្មោះ ម៉ាត់ ពិសី។ ករណីហិង្សានេះ បានកេីតឡេីងនៅវេលាម៉ោងប្រមាណ ៨:២០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដោយជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់៕
ប្រភព៖ CNC
មតិយោបល់