ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យ០២នាក់ ជាមុខសញ្ញាជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់នូវសារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលក្រុងសិរីសោភ័ណនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យម្នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធី ។

លោកវរសេនីយ៍ទោ កាន់ សៀង អធិការរង ទទួលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ​បាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានចុះទៅដល់រោងជាងជួសជុលម៉ូតូ០១កន្លែង ដែលជាមុខសញ្ញាជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់ នូវសារធាតុញៀន ដោយខុសច្បាប់នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មាន៖

១-ឈ្មោះ ឃុំ រតនៈគឹមហុង ហៅថា គឹមហុង ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកផ្តល់ទីតាំងប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់។ ២-ឈ្មោះ តែង ទិត្យចាន់រិទ្ឋឹ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកប្រើប្រាស់ គ្រឿងញៀន អ្នកទាំង០២នាក់ នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោកអធិការរង បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានធ្វើការឆែកឆេររកឃើញ វត្ថុតាងរួមមាន ១-ម្ស៉ៅក្រាមសថ្លាចំនួន០៤កូនថង់តូច, ២-គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០៤, -ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន០២, ៤-បំពង់បឺតមួយចំនួន, ៥-ដែកកេះចំនួន០៥, ៦-បំពង់កែវទាម៉ូម៉ែត្រចំនួន០១, -សម្បកថង់ថ្មីសម្រាប់ច្រកថ្នាំញៀន មួយចំនួន, ៨-ទូរស័ព្វចំនួន០១គ្រឿង , -កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន០១ ដើមគ្រប់ចំនួន១៨គ្រាប់ (សម្បកគ្រាប់ចំនួន០១), ១០-បង់កាំភ្លើងខ្លីK៥៩ ចំនួន០១,១១-គ្រាប់កាំភ្លើងខ្លីK៥៩ ចំនួន០២គ្រាប់ (សម្បកគ្រាប់ចំនួន០១) ។

លោកវរសេនីយ៍ទោ កាន់ សៀង បានបញ្ជាក់បន្ថែមថា៖ ឈ្មោះ តែង ទិត្យចាន់រិទ្ឋឹ ត្រូវបានព្រះរាជអាជ្ញាអនុញាតឲ្យអាណាព្យាបាល យកទៅអប់រំកែប្រែ នៅមណ្ឌលសុខភាពសហគមន៍ តាមការស្នើសុំ និងធានារបស់អាណាព្យាបាល ។ ចំណែកឈ្មោះ ឃុំ រតនៈគឹមហុង ហៅថា គឹមហុង និងវត្ថុតាងត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់