ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ព្រះសីហនុ: នៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះ KM156 157 ស្ថិតក្នុងភូមិ អូរតាហយ ឃុំស្ទឹងឆាយ ស្រុក កំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តកុងតឺន័រ និងម៉ូតូបើកបរទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ក្បាលពណ៌ក្រហម លាយស សណ្តោងរ៉ឺម៉ក ស្លាកលេខភ្នំពេញ 3C2452 ( អ្នកបើកបររត់គេចខ្លួនបាត់ ) ។ ខណ:បើកបរមកត្រង់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាកសង់ ស៊េរី 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1P 0355 បណ្តាលឲ្យស្លាប់ បាត់បង់ជីវិតម្នាក់ នៅនឹងកន្លែងកើតហេតុ ។ សពជនរងគ្រោះឈ្មោះ រី វ៉ាន់ដូង ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិ ផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ចំណែករថយន្តនិងម៉ូតូខាងលើ ក្រោយពេលកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លួវច្បាប់ ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់