ក្រចេះ: នៅថ្ងៃសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២ និង៤០នាទី មានករណីបុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចាប់រំលោភនារីរងគ្រោះម្នាក់សេពសន្ថវៈបានកើតឡើង នៅត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ជនសង្ស័យឈ្មោះ លី សុធន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ចំណែកជនរងគ្រោះឈ្មោះ ល ង អ៊ ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិបាខម ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ដំណើររឿងហេតុ៖ នៅថ្ងៃកើតហេតុ នារីរងគ្រោះបានធ្វើដំណើរពីខេត្តកំពង់ចាម តាមរថយន្តឈ្នួលដល់ទីរួមខេត្តក្រចេះ វេលាម៉ោងប្រហែល២០និង២០នាទី តៃកុងឈ្នួលក៏ហៅម៉ូតូឌុបនាងទៅគោលដៅឃុំសណ្តាន់ ដើម្បីជួបគូដណ្តឹងរបស់នាងនៅទីនោះ ។ ប៉ុន្តែតាមផ្លូវម៉ូតូឌុបនោះ បានឌុបនាងវាងទៅតាមផ្លូវស្រែតាហែនទៅវិញ ដែលមិនមែនជាផ្លូវទៅឃុំសណ្តាន់ឡើយ ដោយស្ថានភាពយប់ងងឹត ម្យ៉ាងនារីរងគ្រោះមិនស្គាល់ភូមិសាស្រ្តច្បាស់លាស់ ដល់ចំណុចផ្លូវលំស្រែតាហែន ជនល្មើសឌុបនាងទៅក្បែរខ្ទមស្ងាត់ ឃើញស្ថានភាពមិនស្រួល នាងក៏ចុះពីលើម៉ូតូ ភ្លាមនោះជនសង្ស័យ ចាប់នាងផ្តួលទៅលើដី ធ្វើសកម្មភាពគំរាមប្រុងរំលោភ ប៉ុន្តែចៃដន្យមានប្រជាពលរដ្ឋ ដើរឆ្លុះកង្កែបជិះម៉ូតូកាត់ផ្លូវនោះ នាងក៏បានស្រែកឲ្យគេជួយ ភា្លម
នោះពួកគេក៏មកជួយចាប់ឃាត់ជនល្មើស រួមនឹងម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស្លាកលេខក្រចេះ 1A-8825 ។
ក្រោយយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនល្មើសខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបណ្តោះអាសន្ន ដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់