ព័ត៌មានជាតិ

ហេតុការណ៍សម្លាប់ ប្រធានាធិបតី ហៃទី ​មាន​បង្កប់​នូវ​ចំណុច​គួរ​ឱ្យ​សង្ស័យ​

តាមរយៈ​សេចក្តីថ្លែងការណ៍ នាយករដ្ឋមន្ត្រីផុត​អាណត្តិ ក្លូត ហ្សូហ្សេ Claude Joseph បាន​​ប្រកាស​ជូន​ដំណឹង​អំពីការ​ធ្វើ​ឃាត​​ប្រធានាធិបតីហៃទី លោក ហ្សូវឺណែល ម៉ូអ៊ីស៍ Jovenel Moïse។ នៅវេលាម៉ោង​១​ទៀប​ភ្លឺ​​ព្រឹក​ថ្ងៃពុធ​ទី ៧​កក្កដា ក្រុម​ប្រដាប់អាវុធ​​មួយ​​ក្រុម​បាន​ចូល​ទៅ​សម្លាប់​ប្រធានាធិបតី​ ដល់​ក្នុង​បន្ទប់​គេង​ នៃ​​គេហដ្ឋានផ្ទាល់​របស់​លោក​តែ​ម្តង ​ដែលស្ថិត​នៅ​ជាយរដ្ឋ​ធានី ព័រអូប្រាំង។

ចំណែក​លោក​ជំទាវ​ទី​មួយ ជា​ភរិយា​របស់​លោកប្រធានាធិបតី​ ក៏​ត្រូវ​រង​របួស​ជា​ទម្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ក្រុង​មីអាមី​ សហរដ្ឋ​អាមេរិក​។

លោក​នាយករដ្ឋមន្ត្រី​បាន​អះអាង នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ដដែល​ថា ក្រុម​ជើង​ឆើត​ បួននាក់​ត្រូវ​បាន​សម្លាប់ និង​ចាប់​ខ្លួន​បាន​ពីរនាក់​។ ចំណែក​ប៉ូលិស​ដែល​ពួក​កម្មង់ដូ​ចាប់​បាន​ជា​ចំណាប់​ថ្នូរ​ ក៏​ត្រូវ​បាន​ដោះលែង​មក​វិញ​ដែរ។ ជាង​នេះ​ទៅ​ទៀត កង​កម្មង់ដូ​ទាំង​នោះ ខ្លះ​និយាយ​ភាសា​អង់គ្លេស ខ្លះ​និយាយ​ភាសា​អេស្ប៉ាញ។

២៤​ម៉ោង​ក្រោយ​ការ​កើត​ហេតុ ពុំ​មាន​ក្រុម​ឬ​ចលនា​ណា​ចេញ​មុខ​មក​អះអាង​អំពី​សកម្មភាព​របស់​ខ្លួន​ឡើយ។

ក៏​ប៉ុន្តែ​ហេតុការណ៍​នេះ​មាន​បង្កប់​នូវ​ចំណុច​គួរ​ឱ្យ​សង្ស័យ​ច្រើន​ទៀត ដូចជា ការ​ធ្វើ​ឃាត​នេះ​កើត​ឡើង​ក្រោយ​ការ​តែង​តាំង​នាយករដ្ឋមន្ត្រី​ថ្មី។​ គួរ​ឱ្យ​ឆ្ងល់ទៀត​ ​កង​កម្មង់ដូ​អាច​ចូល​ដល់​ក្នុង​បន្ទប់​​ប្រធានាធិបតី ដោយស្រួល ដោយ​គ្មាន​កង​អង្គប្រធានាធិបតី​ណា​ម្នាក់​ត្រូវ​របួស​ឬ​ស្លាប់​ទេ​ ហើយ​ចេញ​ទៅ​វិញ​ដោយ​សម្រួល​ទៀត មុន​នឹង​​ត្រូវ​បាន​កម្ចាត់​តាមក្រោយ។

 

មតិយោបល់