-

ក្មេងស្រីអាយុ ២ឆ្នាំលង់ទឹកប្រឡាយស្លាប់ ខណៈម្ដាយទៅស៊ីឈ្នួលដកស្មៅដំឡូងមីឲ្យគេ ឲ្យបងៗនៅមើលប្អូន…

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កុមារីអាយុ០២ឆ្នាំម្នាក់ បានបាត់បង់ជីវិត ខណ:ពេលចុះលេងទឹកប្រឡាយក្បែរផ្ទះរបស់ខ្លួន បណ្តាលឲ្យលង់ដោយគ្មានអ្នកណាបានដឹង ។ ហេតុការណ៍បានបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកខាងជើងវត្តបឹងស្នោ ស្ថិតក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ កុមារីរងគ្រោះ ឈ្មោះ យីន ស្រីយ៉ាវ អាយុ ០២ ឆ្នាំ មានម្តាយឈ្មោះ ផុន សុភា អាយុ ៣៥ឆ្នាំជាស្រ្តីមេម៉ាយ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ ម្តាយបានទៅធ្វើការស៊ីឈ្នួលដកស្មៅដំឡូងមីឲ្យគេ ហើយបានទុកក្មេងស្រីរងគ្រោះឲ្យបងៗជាអ្នកមើល ដោយបងៗមិនបានយកចិត្តទុកដាក់មើលប្អូន ក្មេងរងគ្រោះបានដើរទៅលេងទឹកប្រឡាយក្បែរផ្ទះ បណ្តាលឲ្យលង់ស្លាប់មិនដឹងពីពេលណានោះទេទាល់តែសពអណ្តែតបានគេប្រទះឃើញ ។ សពក្មេងស្រីរងគ្រោះ បានប្រល់ជូនម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីក្រុមការងារពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច ៕

មតិយោបល់