ព័ត៌មានជាតិ

ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៣នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ករណីលួចម៉ូតូ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទី នៅចំណុចក្នុងរបងផ្ទះលេខ៩ ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ តក សាទុំ ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅ ផ្ទះ ជួល លេខ ៩ ផ្លូវ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ៣នាក់៖
១- ឈ្មោះ សាន់ ចំរើន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២- ឈ្មោះ ម៉ៅ ផានើណូ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
៣- ឈ្មោះ សោម ពន្លក ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
៤- ឈ្មោះ កូនទា ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ (គេចខ្លួន)។

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០:០០នាទី ជនរងគ្រោះបានយកម៉ូតូ មកចតនៅក្នុងរបងផ្ទះ ដែលជាកន្លែងកើតហេតុខាងលើ លុះនៅវេលាម៉ោង ៧និង០០នាទី ជនរងគ្រោះចេញពីក្នុងផ្ទះមកយកម៉ូតូ ស្រាប់តែមិនឃើញបាត់មិនដឹងទៅណា បន្ទាប់មកជនរងគ្រោះបានមកប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីដាក់ពាក្យបណ្តឹង។ ក្រោយពេលទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញផ្នែក នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកធ្វើការស្រាវជ្រាវ លុះមកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ទើបកម្លាំងជំនាញផ្នែក-ប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យនៅ ចំណុចផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ-1BN-1224។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់