ព័ត៌មានជាតិ

ក្មេងស្រីម្នាក់រអិលជើងធ្លាក់ចូលទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩និង០០នាទី នៅចំណុចក្រុមទី២០ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកស្លាប់ ១នាក់ ជនរងគ្រោះឈ្មោះ នី ចាន់នុ ភេទស្រី អាយុ០៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបំភ្លឺពីឈ្មោះ ឡុង ចន្នី ភេទប្រុស អាយុ ៤០ឆ្នាំ (ត្រូវជាឪពុក) រស់នៅភូមិឃុំជាមួយ បានបំភ្លឺថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៧និង០០នាទី ខ្លួនបានជិះម៉ូតូទៅទិញអង្ករនៅរោងម៉ាស៊ីននៅក្បាលថ្នល់ ពេលត្រឡប់មកដល់ផ្ទះវិញ ពេលមកដល់ស្រាប់តែបាត់កូនឈ្មោះ ចាន់នុ ភ្លាមនោះខ្លួនក៏ដើររកជុំវិញផ្ទះតែរកមិនឃើញ ក្រោយមកខ្លួនក៏ដើរមករកដល់ប្រឡាយមុខវត្តប៉ោយតាសេក ស្រាប់តែឃើញទ្រនាប់ជើងកូននៅក្បែរមាត់លូ ខ្លួនក៏មានការសង្ស័យក៏ចុះរាវរកក្នុងប្រឡាយស្រាប់តែរកឃើញកូនលង់ទឹកក្នុងប្រឡាយស្លាប់បាត់បង់ជីវិត រួចក៏ស្រង់យកទៅដាក់ក្នុងសាលាឆាន់ក្នុងវត្តសិក្ខារាមហៅវត្តប៉ោយតាសេក រួចហើយក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ បុរសជាឪពុកបានបញ្ជាក់អោយដឹងថា ក្មេងរងគ្រោះអង្គុយលេងទឹកនៅមាត់លូក៏រអិលជើងចូលប្រឡាយបណ្ដាលអោយលង់ទឹកស្លាប់។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ នី ចាន់នុ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់