ភ្នំពេញៈ ស្រ្តីម្នាក់អះអាងថាខ្លួនបានរងកម្ម ក្រោយពីបានប្តីអស់រយៈពេលរាប់ឆ្នាំ មិនដែលស្គាល់សេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ថ្ងៃណាក៏ដូចថ្ងៃណា ប្តីតែងតែផឹកស៊ី ប្រើប្រាស់គ្រឿងញៀន នាំទាំងគ្នីគ្នាបក្ខពួកប្រមូលផ្តុំមកជក់ថ្នាំញៀនដល់ក្នុងផ្ទះ ទោះជាកន្លងមក សមត្ថកិច្ចឃាត់ចាប់ខ្លួន មិនរាងចាលវិលមកវិញ អុកឡុកក្នុងគ្រួសារ គំរាមសម្លាប់វាយទាត់ប្រពន្ធកូនដដែល រហូតមកដល់វេលាម៉ោង៦ ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នេះទ្រាំលែងបាននូវទារុណកម្មផ្លូវចិត្ត រាងកាយ ប្តឹងប៉ូលិសចាប់ខ្លួន នៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តន៍ចំណាត់ការទៅតាមផ្លូវច្បាប់។
ស្រ្តីរងកម្មប្តីវាយ គំរាមសម្លាប់ខាងលើមាន ឈ្មោះ ទ.យ អាយុ៤៩ឆ្នាំ ចំណែកប្តីកំហូចឈ្មោះ ផន ឈាង អាយុ៣៨ឆ្នាំ មុខរបរជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ មានស្រុកកំណើត ភូមិបឹង ឃុំ ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមការយំរៀបរាប់ពីភាគីខាងប្រពន្ធ បានឲ្យដឹងថា គាត់ក្រោយពី ប្តីទី១ ជាមន្រ្តីយោធា បានពលី ក្នុងកាត្វកិច្ចការងាររួចមក បន្សល់ទុកកូនស្រី២នាក់ ហើយគាត់បានប្តីលើកទី២ ប៉ះចំបុរសខាងលើ មិនបានរៀបការធំដុំ បានត្រឹមតែសែនព្រេនបង្ក្រប់កិច្ច ចាស់ទុំសងខាងដឹងឮ ក៏ប៉ុន្តែ បានប្តីលើកទី២ ប៉ះចំប្តីចរិតកាច សាហាវ ផឹកស្រា ប្រើប្រាស់គ្រឿងញៀន នាំបក្ខពួកចូលជក់ថ្នាំញៀនដល់ក្នុងផ្ទះ បង្កហឹង្សា វាយ ធ្វើបាបប្រពន្ធកូន សឹងរាល់ថ្ងៃ បង្កភ័យខ្លាច ក្នុងគ្រួសារ និងអ្នកជិតខាង។
ស្រ្តីដដែលបន្តទៀតថា គ្រាន់តែប្តឹងប៉ូលិសឃាត់នាំទៅអប់រំចំនួន៣លើកមកហើយ រាប់ទាំងលើកនេះ ជាលើកទី៤ សកម្មភាព ទង្វើរបស់ប្តី មិនកែរចរិត ក្រោយពីប្រមូលផ្តុំបក្ខពួកមិត្តភក្តិចូលជក់គ្រឿងញៀនដល់ក្នុងផ្ទះ យកទាំងម៉ូតូមួយគ្រឿង ជាកម្មសិទ្ធរបស់កូនស្រីទៅលក់បាត់ ទោះជាប្រពន្ធកូន ហាមកុំឲ្យលក់ នៅតែលួចយកទៅលក់បាត់នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានលុយទិញថ្នាំញៀនជក់។
តាមសម្តីកូនស្រីឈ្មោះ ឆ.ណ.រ អាយុ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ដោយសារភាពភ័យខ្លាច ទង្វើររបស់ឪពុក ដែលជាកូនដើមខាងប្រពន្ធ បានឲ្យដឹងថា នាងរស់នៅសព្វថ្ងៃ ជ្រកកោណផ្ទះញាតិក្បែរខាង ដោយសារឪពុក បង្កហិង្សាក្នុងគ្រួសារ ប្រដាប់ដោយកាំបិត ពូថៅ ត្រៀមទុក គំរាមវាយដំប្រពន្ធកូនសឹងរាល់ថ្ងៃយ៉ាងនេះ រហូតដល់ហ៊ានលួចយក ម៉ូតូមួយគ្រឿងម៉ាកឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញមិនចាំអក្សរចាំតែលេខ 4082 ស៊េរី២០១៨ មួយគ្រឿង យកទៅលក់បាត់ ដែលជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់កូនដើម។
នាងបន្តទៀតថា រាល់ទង្វើរបស់ឪពុកចុង បែបនេះ នាងមិនគោរពឡើយ សូមឲ្យច្បាប់ចាត់វិធានការទៅចុះ កាលបើរស់នៅ ក្នុងគ្រួសារ មិនដែលស្គាល់សោះសេចក្តីសុខ ធ្វើឲ្យ ប្រពន្ធកូន ភ័យខ្លាច រត់ វិនាសព្រាត់ប្រាស់ ដោយសកម្មភាពដៃដល់គ្រឿងញៀន របស់ឪពុក ។
កូនស្រីខាងលើបានបញ្ជាក់ហើយថា នាងសុំប្តឹង ពាក់ព័ន្ធទៅនឹង ឪពុកចុងលួចយកម៉ូតូរបស់នាងទៅលក់យកលុយជក់ថ្នាំញៀនស៊ីចាយ ។
បុរសខាងលើ ក្រោយពីបង្កហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួនជាក់ស្តែង ដកហូតបានសម្ភារៈ កាំបិត ពូថៅ ឧបករណ៍ជក់ថ្នាំញៀន មួយចំនួនធំ រួចនាំទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាន បន្តទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់