-

រថយន្ត VIGO បើកលឿនរេចង្កូតឡើងខឿនផ្លូវ បុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបាក់មួយដើម

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តម៉ាក VIGO មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតឡើងលើខឿនផ្លូវ ទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើម សំណាងល្អមិនមានមនុស្សរងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០១ និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវR5 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋម្នាក់នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក VIGO ពណ៌ស្ករ មួយគ្រឿង ពាក់ផ្លាកលេខកំពង់ចាម 2A-6262 បើកបរតាមបណ្ដោយផ្លូវR5 ក្នុងទិសដៅពីកើតមកលិច បោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងខឿនជ្រុលទៅបុកបង្គោលភ្លើង ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើម ដួលដល់ដី ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបង្កបានដើរចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តមកដោះស្រាយ នៅពេលក្រោយ ៕

មតិយោបល់