ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល០២នាក់

ព្រៃវែង: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងម៉ូតូ និងម៉ូតូបើកបរក្នុងល្បឿនលឿនបានបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល០២នាក់ ស្ថិតនៅលើផ្លូវជាតិលេខ១១ ត្រង់ចំណុចភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BN.0198 បើកបរដោយឈ្មោះ អ៊ឹម អាន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិជំរុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើត ហេតុ (មិនពាក់មួកសុវត្ថិភាព) ។ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ម៉េត ពិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ លើកដែក ខេត្តកណ្តាល រងរបួសសន្លប់ (មិនពាក់មួកសុវត្ថិភាព) បើកបរពីកើតទៅលិច លុះពេលមកដល់ត្រង់ចំណុចកើត ហេតុខាងលើ បានបុកពីក្រោយម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA.4567 បើកបរដោយឈ្មោះ ស្រេង ប្រុស (ហៅ ប៉ូឡូ ) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (មិនពាក់មួកសុវត្ថិភាព) បើកបរពីកើត ទៅលិច រងរបួសស្រាល ។ បន្ទាប់មកជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្វាយអន្ទរ ដើម្បីជួយសង្រ្គោះ ផងដែរ ។

មូលហេតុ៖ បណ្តាលមកពីម៉ូតូម៉ាក វ៉េវ បើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានចុះទៅដល់ទីតាំងខាងលើ ធ្វើការពិនិត្យ និងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលមេបុណ្យ ជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់