ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាដ៏សកម្ម ពាក់ព័ន្ធករណីអំពើលួច នៅខេត្តសៀមរាប

សៀមរាបៈ ឃាត់ខ្លួនមុខសញ្ញាដ៏សកម្មម្នាក់ពាក់ព័ន្ធករណីអំពើលួច មានស្ថានទម្ងន់ទោស ហែកស័ង្កសីទ្វារផ្លោះរបងចូល លួច ទ្រព្យសម្បត្តិ ប្រព្រឹត្តកាលពីអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងក្រុងសៀមរាប ។

គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុង ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ យ៉ាន់ បូរី ភេទប្រុស អាយុ ៣៨ឆ្នាំ បច្បន្នរស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើសកម្មភាព ហែកជញ្ជាំងស័ង្កសី ផ្លោះរបងចូលធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ ក្នុងក្រុងសៀមរាប ចំនួន០៤ករណីមាន៖

-ករណីទី១កាលពីវេលាម៉ោង០២ និង ៣០នាទី យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុច ហាងលក់ទូរស័ព្ទ ស្ថិតក្នុងភូមិវត្តបូព៌ លួចទូរស័ព្ទម៉ាក oppo និង vivo ចំនួន០៨គ្រឿង ។
-ករណីទី២ កាលពីវេលាម៉ោង០១និង ៤០នាទី ថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះដូរប្រាក់វីង ស្ថិតក្នុងភូមិគោកតាចាន់ លួចបានប្រាក់ដុល្លារ ៧០០០$ និងទូរស័ព្ទ sumsung ០១គ្រឿង ។
-ករណីទី៣ កាលពីវេលាម៉ោង២២និង ០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិសាលាកន្សែង ជនសង្ស័យ លួចយកទូរស័ព្ទ០៤គ្រឿង( iPhone 6plus ០១គ្រឿង, xs max ០១គ្រឿង, oppo ០១គ្រឿង និង reall me ០១គ្រឿង ) ។
-ករណីទី៤ កាលពីវេលាម៉ោង០២និង៥០នាទី យប់ឈានចូលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្នារ ជនសង្ស័យ លួចបានប្រាក់ដុល្លារ ៥០០$ ប្រាក់ខ្មែរ ៥ម៉ឺនរៀល ។

យោងតាមការណែនាំ និងការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជូនប្រជាពល រដ្ឋក្នុងខេត្តសៀមរាប ឲ្យបានទាន់ពេលវេលា និង ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ដឹកនាំបញ្ជាដោយលោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េតស្នងការរងទទួល ផែនព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី យកមកធ្វើ ការសាកសួរ ។

នៅចំពោះមុខសម្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ទាំង០៤ករណីខាងលើនេះ ពិតប្រាកដែន ចំណែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលលួចបាន គឺរូបខ្លួន ចាយវាយ អស់ហើយ ។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់