ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីយប់ រំលងអធ្រាត្រថ្ងៃច័ន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងកើតឡើង ស្ថិតតាមផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ រស់ ហ៊ីមយ៉ា ភេទស្រី អាយុ ៣០ ឆ្នាំ ។ មុខរបរ : នៅផ្ទះ ។
មូលហេតុ៖ បណ្តាលមកពីដុតផ្ទះបង្កជាអគ្គិភ័យតែម្ដង ។ ខូចខាតសម្ភារៈ ឆេះផ្ទះឈើលើថ្មក្រោម ទំហំ ៨ម៉ែត្រ × ១៥ម៉ែត្រ ឆេះផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ និងស្លាប់មនុស្សម្នាក់ឈ្មោះ រស់ ហ៊ឹមយ៉ា ភេទស្រី អាយុ ៨០ ឆ្នាំ ។
កម្លាំងសមត្ថកិច្ចបានចេញរថយន្តអន្តរាគមន៍ របស់ការិយាល័យអគ្គិភ័យចំនួន១៥ គ្រឿង ប្រើប្រាស់ទឹក ចំនួន០៥ រថយន្ត ស្មើនឹង ២០ ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង១២និង៤៥ នាទីយប់ រំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល ។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ ខណៈម្ចាស់ផ្ទះកំពុងតែដេកលង់លក់ក្នុងដំណេក ស្រាប់តែមានអគ្គិភ័យឆាបឆេះកើតឡើង បណ្តាលឲ្យមានការភ្ញាក់ផ្អើលភ័យស្លន់ស្លោ បាននាំគ្នាស្ទុះរត់ចេញមកខាងក្រៅផ្ទះរៀងៗខ្លួន ។ ប៉ុន្តែមានលោកយាយម្នាក់ដែលគាត់ មានវ័យចាស់ជរា អាយុ៨០ឆ្នាំ មិនអាចរត់ចេញរួចនោះទេ កូនចៅក៏មិនអាចជួយគាត់បានដែរ ដោយសារអគ្គិភ័យឆាបឆេះលឿន ខ្លាំងពេក ធ្វើឲ្យលោកយាយជាប់នៅក្នុងផ្ទះ ត្រូវភ្លើងឆេះបណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង ។ ទោះបីកងកម្លាំងចេញមកអន្តរាគមន៍
ជួយបាញ់ទឹកពន្លត់ក៏ដោយ ដោយសារទីកន្លែងកើតហេតុនោះ ស្ថានភាពផ្លូវដែលចូលទៅ វាមានទំហំតូចចង្អៀតពេក រថយន្តមិនអាចចូលទៅដល់បាន ។ ក្រុមអន្តរាគមន៍ បានទាញទុយោទឹកធ្វើការបាញ់ពន្លត់ ។
ករណីខាងលើនេះ ក្រុមគ្រួសារជនរងគ្រោះ បានស្រែកទ្រហោយំយ៉ាងខ្លាំង ដោយមានចិត្តអាណិតអាសូរ នូវសាច់ញាតិរបស់ខ្លួន ដែលបានជាប់នៅក្នុងផ្ទះ មិនអាចជួយគាត់បានទាន់ពេល បណ្តាលឲ្យលោកយាយម្នាក់ស្លាប់នៅក្នុងផ្ទះកើតហេតុនោះ កូនចៅបានត្រឹមតែស្រែកយំក្តែងៗ នៅខាងក្រៅ ។ ករណីអគ្គិភ័យនេះ កើតឡើងសង្ស័យកូនជាអ្នកដុត បណ្តាលឲ្យឆេះផ្ទះរងការខូច ខាតទាំងស្រុង និងបាត់បង់ជីវិតមនុស្សម្នាក់ ៕
មតិយោបល់