ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាប ករណីធ្វើសកម្មភាព ឆក់កាបូបនារីបុគ្គលិកកាស៊ីណូ

ព្រះសីហនុ:​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩ និង ៣០នាទី នៅចំណុចមុខកាស៊ីណូ ហាវជាំង ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមាន ស្ថានទម្ងន់ទោស (ឆក់កាបូប) មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណដោយអ្នក បើកម៉ូតូពាក់អាវយឺតពណ៌ខ្មៅដៃខ្លី និងអ្នកជិះពីក្រោយពាក់អាវយឺតពណ៌សដៃវែង បានធ្វើសកម្មភាព ដោយជិះម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ: កំពត 1O-2739 ឆក់កាបូបនារីជនជាតិខ្មែរ ម្នាក់ ក្នុងខណ:ពេលដែលជនរងគ្រោះកំពុងដើរឆ្លងថ្នល់ រួចជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវនិងស្វែងរកតាម ភិនភាគរបស់ជនសង្ស័យ រហូតដល់វេលាម៉ោង១៩ និង ៥០នាទី ក៏ប្រទះឃើញជនសង្ស័យទាំង០២នាក់ កំពុងជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ: កំពត 1O-2739 នៅផ្លូវក្រោយស្ថានីយប្រេង កាល់តិច គ្រាន់តែជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ច ក៏ជិះម៉ូតូគេចខ្លួនយ៉ាងលឿន កម្លាំងសមត្ថកិច្ចបានដេញប្រថាត់ ចាប់ប្រភីង រហូតដល់កែងផ្លូវភោជនីយដ្ឋាន មេត្រូផាប់ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុជនសង្ស័យបាន ផ្តួលម៉ូតូ រត់គេចខ្លួនចូលទៅផ្លូវលំ កម្លាំងសមត្ថកិច្ចបានដេញតាមចាប់ឃាត់ខ្លួនបាន ម្នាក់ រីឯជនសង្ស័យម្នាក់ទៀត បានគេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ។

ជនរងគ្រោះឈ្មោះ សួង ម៉េងលី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មេរ មុខរបរ បុគ្គលិកកាស៊ីណូ ហាវជាំង មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារ:បាត់បង់៖ -ការបូបលុយ ០១ ពណ៌ត្នោត ម៉ាក LH ។ -ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ មានលេខទូរស័ព្ទ: 097 8230189 និង 088 282 8858 ។ -លុយចំនួន ៤០,០០០៛ (បួនម៉ឺនរៀល)
-កាតធនាគារ ABA ០១សន្លឹក ។ -សោម៉ូតូ ០១ និងសម្ភារ:ប្រើប្រាស់មួយចំនួន ។

ជនសង្ស័យដែលចាប់ឃាត់ខ្លួនបានឈ្មោះ លី ប្រុសណុច ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។

វត្ថុតាងចាប់យកបាន៖ -ការបូបលុយ ០១ ពណ៌ត្នោត ម៉ាក LH (ផលនៃអំពើចោរកម្ម) ។ -កាតធនាគារ ABA ០១សន្លឹក (ផលនៃអំពើចោរកម្ម) ។ -សោម៉ូតូ ០១ និងសម្ភារ:ប្រើប្រាស់មួយចំនួន (ផលនៃអំពើចោរកម្ម) ។ -ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ: កំពត 1O-2739 (មធ្យោបាយប្រព្រឹត្តបទល្មើស)

ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ៕

មតិយោបល់