បុរសម្នាក់រងរបួសស្រាល ករណីផ្ទុះមីនតោន ខណៈពេលអេស្ការវ៉ាទ័រមួយគ្រឿងកំពុងកាចព្រៃ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានរងរបួសស្រាលក្នុងករណីផ្ទុះមីនតោន ខណៈពេលអេស្ការវ៉ាទ័រមួយគ្រឿងកំពុងកាចព្រៃ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចចំការ ឯកឧត្តម ប៉ុល សារឿន ស្ថិតក្នុងភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូត។

តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា គ្រឿងចក្រអេស្ការចុះកាច់ព្រៃ ត្រង់ចំណុចចំការខាងលើបណ្តាលឲ្យប៉ះនឹងមីនតោន ១គ្រាប់ បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល ជនរងគ្រោះឈ្មោះ ណយ ប៊ុន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅខេត្តក្រចេះ ចំណែកអេស្ការ រងការខូចខាត ត្រង់ផ្នែកកញ្ចក់ខាងមុខ។

លោកអធិការនគរបាលស្រុកបានបញ្ជូនកម្លាំងទៅដល់កន្លែងកើតហេតុ លោកវរសេនីយ៍ទោ ម៉ែន រីម បានឱ្យដឹងថាចំណុចដែលមានករណីផ្ទុះមីនតោននេះ ជាសមរភូមិប្រយុទ្ធគ្នាពីមុនមកហើយរហូតមកដល់ពេលនេះមិនទាន់មានការបោសសំអាតរំដោះយកយុទ្ធភ័ណ្ឌពីក្នុងដីអស់នៅឡើយទេ។ នៅពេលនេះមន្រ្តីជំនាញនៃអង្គភាពស៊ីម៉ាកCMAC បានពិនិត្យនិងហ៊ុំព័ទ្ធចំណុចនោះទុកដើម្បីធ្វើការបន្តនៅថ្ងៃស្អែកទៀត ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *