ព័ត៌មានជាតិ

ករណីឃាតកម្ម! បុរសម្នាក់ស្រវឹងស្រាជោក យកកន្រ្តៃចាក់ជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់

ត្បូងឃ្មុំ: នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២និង២០នាទី នៅចំណុចមុខផ្ទះឈ្មោះ យ៉ត សំអ៊ាន ភេទស្រី អាយុ៥៥ឆ្នាំ ភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មមួយបានកើតឡើង ជនសង្ស័យម្នាក់ផឹកស្រាស្រវឹង ជោកជាំរករឿង អ្នកជិតខាងពេលគេស្តីបន្ទោសថាឱ្យទៅផ្ទះវិញ ក៏រករឿងរហូតឈានដល់យកកន្ត្រៃ ចាក់សម្លាប់ជនរងគ្រោះម្នាក់ចំគល់ បណ្តាលឲ្យស្លាប់ ។

ករណីខាងលើនេះ បង្កឡើងដោយឈ្មោះ ប៊ុនថា ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានផឹកស្រាស្រវឹងជោកជាំ រងរឿងអ្នកជិតខាង ហើយត្រូវបានឈ្មោះ មឿន ប៊ុនថេង ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិ-ឃុំជាមួយគ្នា បានធ្វើការឃាត់ និងស្តីបន្ទោស ហើយក៏បានដេញឲ្យឈ្មោះ ប៊ុនថា ធឿន ទៅផ្ទះទៅកុំនៅរករឿងគេអញ្ចឹង ហើយបានប្រកែកជាពាក្យសំដីគ្នាមួយពីៗ បន្ទាប់ មកឈ្មោះ ប៊ុនថា ធឿន បានដើរទៅផ្ទះ របស់ខ្លួនបាត់ទៅ ។

លុះបន្តិចក្រោយមកឈ្មោះ ប៊ុនថា ធឿន ត្រឡប់មកវិញ ហើយត្រូវឈ្មោះ មឿន ប៊ុនថេង ស្តីបន្ទោសឲ្យម្តងទៀត បន្ទាប់មកអ្នកទាំងពីរ បានប្រកែកគ្នា ទៅវិញទៅមក ពេលនោះ មានឈ្មោះ យ៉ន សំអ៊ាន ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ឈ្មោះ មឿន ប៊ុនថេង ក៏បានឃាត់ និងស្តីបន្ទោសឲ្យឈ្មោះ ប៊ុនថា ធឿន ផងដែរ ។

ការទាស់សំដីគ្នា ចេះតែបន្តមួយពីៗ ស្រាប់តែឈ្មោះ ប៊ុនថា ធឿន បានចូលទៅចាក់ឈ្មោះ មឿន ប៊ុនថេង និងកន្ត្រៃ ត្រូវចំគល់កខាងឆ្វេង បណ្តាលឱ្យស្លាប់ ខណ:ពេលដែលឈ្មោះ ប៊ុនថា ធឿន កំពុងធ្វើសកម្មភាពចាក់សម្លាប់ឈ្មោះ មឿន ប៊ុនថេង នោះ ត្រូវឈ្មោះ យ៉ន សំអ៊ាន ជាម្តាយបានឃើញហើយក៏ស្រែកឲ្យគេជួយ ពេលនោះមានឈ្មោះ ស្រី សុផា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្អូនថ្លៃ ជនរងគ្រោះ និងឈ្មោះ ស្រេង ស្រ៊ី ភេទប្រុស អាយុ៣៦ឆ្នាំ ដែលនៅអង្គុយលេងក្បែរ កន្លែងកើតហេតុបានឮ ពេលនោះឈ្មោះ ស្រេង ស្រ៊ី បានរត់ទៅមើលជនរងគ្រោះ ចំណែកឈ្មោះ ស្រី សុផា បានរត់ទៅចាប់ឈ្មោះ ប៊ុនថា ធឿន ខណ:នោះឈ្មោះ ប៊ុនថា ធឿន បានប្រតាយប្រតប់គ្នា ជាមួយឈ្មោះ ស្រី សុផា ហើយស្រី សុផា បានចាប់បោកឈ្មោះ ប៊ុនថា ធឿន ផ្តួលទៅត្រូវក្បាល និងបង្គោលរបងឫស្សី បណ្តាលឲ្យបែកក្បាល ។ ក្រោយពីចាប់បានឈ្មោះ ប៊ុនថា ធឿន រួចហើយ ទើបក្រុមគ្រួសារជនរងគ្រោះ រាយការណ៍មកសមត្ថកិច្ច ដើម្បីសូមកិច្ចអន្តរាគមន៍ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៊ុនថា ធឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមគោលការណ៍ឯកភាពពី លោកឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕

មតិយោបល់