បន្ទាប់ពីបានប្រកួតជាលើកចុងក្រោយបង្អស់ នៅ Las Vegas កាលពីថ្ងៃទី២២សីហា កីឡាករប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីយ៉ាវ Manny Pacquiao បានប្រកាសនៅថ្ងៃទី១៩កញ្ញា ថាខ្លួននឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីន តំណាងឲ្យគណបក្ស PDP-Laban។
បច្ចុប្បន្នមានអាយុ៤២ឆ្នាំ ម៉ានី ប៉ាក់គីយ៉ាវ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅហ្វីលីពីន។ ជាអតីតក្មេងក្រីក្រ រស់នៅតាមចិញ្ចើមផ្លូវ ម៉ានី ប៉ាក់គីយ៉ាវ បានចូលហាត់រៀនកីឡាប្រដាល់អាជីព នៅឆ្នាំ១៩៩៥ មុននឹងសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗ នៅលើឆាកអន្តរជាតិ។ ម៉ានី ប៉ាក់គីយ៉ាវ គឺជាកីឡាករប្រដាល់តែម្នាក់គត់ ដែលបានទទួលខ្សែក្រវ៉ាត់ ជើងឯកពិភពលោក កម្រិតទំងន់៨ខុសៗគ្នា។ ទ្រព្យសម្បត្តិរបស់កីឡាកររូបនេះ ត្រូវគេប៉ាន់ស្មានថា មានប្រមាណ៥០០លានដុល្លារ។
ម៉ានី ប៉ាក់គីយ៉ាវ បានសម្រេចចិត្តចូលប្រឡូកក្នុងនយោបាយ នៅឆ្នាំ២០១០ នៅក្នុងគណបក្សរបស់លោកប្រធានាធិបតី ឌុយទែរតឺ។ បន្ទាប់ពីជាប់ឆ្នោតជាសមាជិកសភា កំពូលកីឡាកររូបនេះ បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាហ្វីលីពីន នៅឆ្នាំ២០១៦។ ម៉ានី ប៉ាក់គីយ៉ាវ បានឃ្លាតឆ្ងាយបន្តិចម្តងៗ ពីលោកឌុយទែរតឺ បន្ទាប់ពីខ្លួនធ្លាប់បានចេញមុខរិះគន់ លោកឌុយទែរតឺ ជាសាធារណៈ ច្រើនដង ទាក់ទិនអំពើពុករលួយ ព្រមទាំងបញ្ហាសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ម៉ានី ប៉ាក់គីយ៉ាវ មានទំនោរនយោបាយបែបប្រជានិយម ដោយធ្លាប់បានប្រកាសអំពីគំនិតគាំទ្រ ទោសប្រហារជីវិត និងប្រឆាំងចំពោះអ្នកស្រលាញ់ភេទដូចគ្នា។ នៅក្នុងពេលប្រកាសបេក្ខភាពខ្លួន ម៉ានី ប៉ាក់គីយ៉ាវ បានអះអាងផងដែរ ថាបើខ្លួនឈ្នះឆ្នោត ខ្លួននឹងសាងសង់គុកមួយដ៏ធំ ដើម្បីចាប់អូសក មន្ត្រីពុករលួយទាំងអស់ដាក់បញ្ចូលនៅទីនោះ។
ថ្វីបើមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមប្រជាជនក្រីក្រ បេក្ខភាពរបស់ ម៉ានី ប៉ាក់គីយ៉ាវ មិនប្រាកដថាអាចឈ្នះឆ្នោតដោយងាយស្រួលនោះទេ។ តាមការរំពឹងទុក មានបេក្ខជន២ទៀត ក៏អាចមានកម្លាំងគួរសមដែរ គឺលោក Christopher Lawrence សមាជិកសភាមកពីបក្ស លោកឌុយទែរតឺ និងកូនស្រីរបស់លោកឌុយទែរតឺផ្ទាល់តែម្តង មកពីគណបក្សផ្សេងមួយទៀត។ ដោយឡែក លោកឌុយទែរតឺ ដែលមិនអាចឈរឈ្មោះមួយអាណត្តិទៀតបាន បានប្រកាសថាលោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតដាច់ដោយឡែកមួយទៀត ដើម្បីបន្តប្រតិបត្តិការបោសសំអាតគ្រឿងញៀន៕


មតិយោបល់