ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី បុកកិនម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HM-5371 បើកបរដោយយុវជនម្នាក់ អាយុ ១៨ឆ្នាំ មុខរបរ ធ្វើការរោងចក្រ។
យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូពួកម៉ាកចេញទៅទិញបាយហូប លុះត្រឡប់មកវិញ ខណៈកំពុងឈប់រង់ចាំភ្លើងស្ដុប ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង បើកមកបុកពីក្រោយកិនម៉ូតូខ្ទេច ហើយជនរងគ្រោះនៅពីក្រោមកង់រថយន្ត តែពិតជាសំណាងល្អណាស់ ដែលជនរងគ្រោះលូនចេញមកទាន់។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុភ្លាមៗ មានអ្នកដំណើរម្នាក់ បានជួយធ្វើការឃាត់រថយន្តឲ្យឈប់ ពេលឈប់នោះតៃកុងក៏ចុះពីក្នុងរថយន្តមកស្ដីថា ជនរងគ្រោះ រួចខលហៅគ្នាមករំដោះចេញទៅបាត់ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចតាមឃាត់បាននៅខណ្ឌមានជ័យ។
ករណីនេះ សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ជើងឯក ចុះមកដល់ទីតាំងធ្វើការវាស់វែងយកម៉ូតូដាក់ខាង និងធ្វើកំណត់ហេតុ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់