ព័ត៌មានជាតិ

បារាំង លុបចោលកិច្ចប្រជុំការពារជាតិជាមួយអង់គ្លេស ជុំវិញវិបត្តិនាវាមុជទឹក

(ប៉ារីស)៖ បារំាងបានសម្រេចចិត្តលុបចោលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី Florence Parly និងសមភាគីអង់គ្លេសរបស់លោកស្រីដែលគ្រោង នឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីអូស្ត្រាលីបានសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកពីបារាំង។

ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាជំនួបរវាងលោកស្រី Florence Parly និងរដ្ឋមន្ត្រីការពារជាតិអង់់គ្លេស លោក Ben Wallace ត្រូវបានលុបចោលតាមរយៈការសម្រេចចិត្តដោយផ្ទាល់របស់លោកស្រី Parly។ ប៉ុន្តែភ្លាមៗ ក្រសួងការពារជាតិបារាំង មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ខណៈក្រសួងការពារជាតិអង់គ្លេសបដិសេធឆ្លើយនឹងសំណួរបស់អ្នកសារព័ត៌មាន។

ទំនាក់ទំនងរវាងបារាំង អាមេរិក អង់គ្លេស និងអូស្ត្រាលី បានធ្លាក់ចូលក្នុងវិបត្តិ បន្ទាប់ពីអូស្ត្រាលីបានប្រកាសលុបចោលការបញ្ជាទិញនាវាមុជទឹកធម្មតា មានតម្លៃជាង ៤០ពាន់លាន ដុល្លារពីបារាំង ដើម្បីងាកទៅនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលអាមេរិក និងអង់គ្លេសសន្យាជួយអូស្ត្រាលីក្នុងការផលិត៕

ប្រភព៖​​​​​​ Reuters

មតិយោបល់