ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានសម្រេចចំនួន០២លើក

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១ និង៤៥នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានទទួលព័ត៌មានតាមរយ:ទូរស័ព្ទពីឈ្មោះ ជិន ខ្លី មេភូមិជ្រៃក្រឹម បានរាយការណ៍មកសមត្ថកិច្ចថាមាន ករណីរំលោភសេពសន្ថវ:លើអនីតិជនម្នាក់ នៅចំណុចក្បែរសាលាមតេ្តយ្យអង្គការចេរភាព ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆន ឆៃណា (ហៅឆៃ)ភេទប្រុស អាយុ ៤១ឆ្នាំ (មុខរបរ ដើរលក់ខោអាវ) រស់នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណែកឯជនរងគ្រោះឈ្មោះ ណ ស ភេទស្រី អាយុ១៣ឆ្នាំ ។

ប្រភពដដែលបានបន្តថា ក្រោយពីទទួលបានព័ត៌មានរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យ លោកមេភូមិ និងប្រជាការពារភូមិជ្រៃក្រឹម ដឹកនាំដោយលោកអនុសេនីយ៍ឯក មឿន សំអុល ឋាន:នាយផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យ ស្រាវជ្រាវ និងជួបជាមួយកុមារីជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី ២១ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ជនរងគ្រោះ និងប្អូនស្រី បាននាំគ្នាទៅបេះផ្លែត្របែកនៅម្ដុំខាងក្រោយ សាលាមត្តេយ្យអង្គការចេរភាព ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។ ពេលនោះស្រាប់តែជនសង្ស័យ បានជិះម៉ូតូរ៉ឺម៉កមកដល់ក៏ឈប់ម៉ូតូរួចជួបជាមួយជនរងគ្រោះ និង ប្អូនស្រីរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យបានឲ្យលុយចំនួន១០០០រៀល ទៅប្អូនស្រីរបស់ជនរងគ្រោះ ដើរទៅទិញនំ រួចជនសង្ស័យ បានចាប់ជនរងគ្រោះ បានមួយសន្ទុះ ក៏ជនសង្ស័យបានបបួលជនរងគ្រោះ ទៅកន្លែងចម្ការដើមប្រេងខ្យល់ ស្រាប់តែម្ដាយរបស់ជនរងគ្រោះ បានមកទាន់ហើយឃើញកំពុងដើរចេញពីក្នុងព្រៃ ហើយកុមារីរងគ្រោះបានប្រាប់ទៅម្ដាយថា ជនសង្ស័យខាងលើបានធ្វើសកម្មភាព ចាប់រំលោភខ្លួន ពេលនោះម្ដាយឃើញសកម្មភាពបែបនេះ ក៏រាយការណ៍ជូនលោកមេភូមិ ។ ហើយជនរងគ្រោះបានឆ្លើយប្រាប់ម្តាយថា ជនសង្ស័យខាងលើធ្លាប់បានចាប់រំលោភខ្លួនបានសម្រេចចំនួន២លើក កាលពីកន្លះខែមុន ។

បន្ទាប់ពីជនរងគ្រោះបំភ្លឺហើយ ដោយគោលការណ៍ពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅវេលាម៉ោង៤ និង៤៦នាទីល្ងាច បានបញ្ជាឲ្យសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងម៉ូតូ១គ្រឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់