ព័ត៌មានជាតិ

កម្លាំងជំនាញព្រហ្មទណ្ឌ និងនគរបាលទួលស្វាយព្រៃ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចកាបូបស្ពាយ

ភ្នំពេញ: នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២ និង៣០ នាទី កម្លាំងជំនាញព្រហ្មទណ្ឌ និង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទអំពើលួច កាបូបស្ពាយចំនួន០៥ នៅចំណុចផ្ទះលេខ៣០A ផ្លូវលេខ ២៨៦ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សុខ ចាន់ណា ហៅជ្រូក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៩E0z ផ្លូវលេខ៣១០ ក្រុមទី១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ ឌី រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៣០A ផ្លូវលេខ២៨៦ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរលក់ដូរ ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាក គុបម៉ូល ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យ) និងកាបូបស្ពាយ ពណ៌ផ្កាឈូកចំនួន០៥ ។

ដំណើររឿងហេតុ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២ និង៣០នាទី មុនពេលកើតហេតុ ជនរងគ្រោះខាងលើ កំពុងរៀបចំអីវ៉ាន់បិទទ្វារហាងលក់ដូរ នៅចំណុចហាងលក់កាបូបយីហោ អាលីន ផ្ទះលេខ៣០A ផ្លូវលេខ២៨៦ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ស្រាប់តែជនសង្ស័យខាងលើ ក៏បានជិះម៉ូតូ០១ គ្រឿងម៉ាក គុបមូល ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ ទិសដៅពីកើតទៅលិច មកឈប់អែបកន្លែងកើតហេតុ បន្ទាប់មកក៏ធ្វើសកម្មភាព លួចយកអីវ៉ាន់កាបូបស្ពាយចំនួន០៥ ពណ៌ផ្កាឈូក បំរ៉ុងយកដាក់លើម៉ូតូជិះគេចខ្លួន ភ្លាមនោះក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ស្របពេលសមត្ថកិច្ចល្បាតដល់កន្លែងកើតហេតុ ក៏បានធ្វើការឃាត់បានជនសង្ស័យរួមនឹងវត្ថុតាង នាំយកមកដើម្បីសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២តែម្ដង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕

មតិយោបល់