កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បត្តិ៍ ០២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) លើផ្លូវជាតិ២១ ខាងមុខស្នាក់ការអគ្គិសនី អានកូ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ឃាង ស្រីណាត ភេទស្រី អាយុ២៦ឆ្នំា ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករ ។ ជនសង្ស័យ០២នាក់ (ឃាត់ខ្លួន) ៖ ១–ឈ្មោះ ស្រ៊ុយ លីហេវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន(+) និងបានធ្វើតេស្ដរហ័សរកវីរុសកូវីដ-១៩ អវិជ្ជមាន (-) ។ ២–ឈ្មោះ សុខ ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកកាស៊ីណូ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) និងបានធ្វើតេស្ដរហ័សរកវីរុសកូវីដ-១៩ អវិជ្ជមាន (-) ។
វត្ថុតាងដកហូតរួមមាន៖ ១–ម៉ូតូចំនួន ០១គ្រឿង ម៉ាក HondaDream C125 ពណ៌ខ្មៅ ពុំពាក់ស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៥២៨៨៧៩៨ ។ ២–ស្លាកលេខម៉ូតូចំនួន ០១ មានលេខកណ្ដាល 1AA-2605 ។ ៣–កន្ត្រៃ(ដែក) ចំនួន០១។
៤–ដង្កាប់ ចំនួន០១ ។ ៥–កូនសោចំនួន ០៤ដើម ។ ៦–ដុំសាកថ្ម KONFULON ចំនួន០១ ។ ៧–ទូរស័ព្ទដៃ ចំនួន០៣គ្រឿង មានៈ
–ម៉ាក Redmi ០១គ្រឿង។ -Nokia ចុចពិល ០១គ្រឿង ។ –ម៉ាក Iphone 7plus ពណ៌ផ្កាឈូក ០១គ្រឿង (បានប្រគល់ជូន ជនរងគ្រោះវិញ) ។
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២៣ និង ៥០នាទី ជនរងគ្រោះ ឃាង ស្រីណាត បានជិះម៉ូតូតែម្នាក់ឯង ចេញពីកន្លែងធ្វើការវិញ មកដល់ចំណុចខាងមុខស្នាក់ការអគ្គិសនីអានកូ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ក៏ត្រូវបានជនសង្ស័យ០២នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ មកដល់ឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ យកទៅបាត់តែម្ដង បណ្ដាលអោយជនរងគ្រោះ ដួលម៉ូតូរងរបួសស្រាលត្រង់ជើង ហើយក្នុងកាបូបនោះមានទូរស័ព្ទដៃ០១គ្រឿង ម៉ាកIphone 7plus ពណ៌ ផ្កាឈូក ,ប្រាក់រៀលចំនួន ០២ម៉ឺនរៀល ប័ណ្ណចាក់វ៉ាក់សាំងកូវីដ–១៩ ០១សន្លឹក ។
លុះព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ។ ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍បានចុះស្រាវជ្រាវដល់កន្លែងកើហេតុ យ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញាសង្ស័យបាន០២នាក់ឈ្មោះ សុខ ចិត្រា ភេទប្រុស និងឈ្មោះ ស្រ៊ុយ លីហេវ ភេទប្រុស ។ រហូតនៅព្រឹកថ្ងៃទី២៣ ខែឆ្នាំដដែល កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះដល់ផ្ទះជនសង្ស័យទាំង០២នាក់ខាងលើ រួចហៅមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជាមួយគ្នាឆក់ យកកាបូបលុយរបស់នារីម្នាក់ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិ២១ ខាងមុខកន្លែងស្នាក់ការអគ្គិសនីអានកូ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បានសម្រេចពិតមែន ដោយបានយកប្រាក់ចែកគ្នា ហើយយកទូរស័ព្ទដៃទៅលក់ឱ្យគេ បានប្រាក់មកចែកគ្នាទៀតផង ចំណែកកាបូបស្ពាយនោះពួកគេបានយកទៅបោះចោលក្នុងទឹកព្រែកបាត់ទៅហើយ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់ ចំណែកទូរស័ព្ទដៃ០១គ្រឿង ម៉ាកIphone 7plus ត្រូវបានដកហូតប្រគល់ជូនជនរងគ្រោះវិញហើយ ៕
មតិយោបល់