ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីចោរកម្ម ក្នុងនោះមានជនសង្ស័យចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពចូលផ្ទះជនរងគ្រោះរួចលួចយកទូរស័ព្ទចំនួនប្រហែល១០០គ្រឿង និង Laptop ចំនួនប្រហែល ១០គ្រឿង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១:៣០នាទីរំលងអធ្រាត្រនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះមានឈ្មោះ Wen Qiu Long ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរជួសជុលទូស័ព្ទ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៩:៤០នាទី ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ជាបន្តបន្ទាប់ នៅចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម៖ ១-ឈ្មោះ សាំ សៅ ហៅអាត្រេន អាយុ១៦ឆ្នាំ ស្នាក់ នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ២-ឈ្មោះ ង៉ែត ពិសី ភេទ ប្រុស អាយុ៣០ឆ្នាំ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជាអ្នកទទួលបញ្ញើរក្សាទុកទូរស័ព្ទ័ពីឈ្មោះ សាំ សៅ ចំនួន៥០គ្រឿង និង Laptop ១គ្រឿង ។ ៣-ឈ្មោះ ចាន់ ហួត ភេទ ប្រុស២៣ឆ្នាំ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖ ១-ទូរសព្ទ័ដៃ ចំនួន៥៩គ្រឿង ម៉ាកអាយហ្វូន៤៨គ្រឿង និងម៉ាកផ្សេងៗ ១១គ្រឿង ។ ២-កុំព្យូទ័រយួរដៃ ១គ្រឿង ម៉ាក Lenovo ពណ៌ខ្មៅ ។ ៣-ម៉ូតូ១គ្រឿង ម៉ាក Beat ពណ៌ ខៀវ+ស ជាមធ្យោបាយធ្វើសកម្មភាព ។
បច្ចុប្បន្ន ជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់