ព័ត៌មានជាតិ

មាន​វិបត្តិ​ផ្លូវចិត្ត​! យុវជន​ម្នាក់ចង​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ ខណៈ​ឪពុក​ម្តាយ​ទៅ​លក់ដូរ​នៅ​ផ្សារ​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​និង​០០​នាទី​ នៅ​ចំណុច​ក្រុម​ទី​០២​ ភូមិ​ពពាលខែ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​ចង​​ក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​ ។​

​សពជនរងគ្រោះ​ឈ្មោះ​ សុទ្ធ​ វិសាល​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ពពាលខែ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​

​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ស្វាយ​ សែត​ អាយុ​៥៩​ឆ្នាំ​ ត្រូវជា​ឪពុក​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ បានអោយ​ដឹង​ថា​ នៅ​ថ្ងៃ​កើតហេតុ​ ខ្លួន​និង​ក្រុម​គ្រួ​សារបាន​ចេញ​ទៅ​រកស៊ី​នៅ​ផ្សារ​ភូ​ពុ​យ​ តាំងពី​ម៉ោង​៤​ទៀប​ភ្លឺ​ ដោយ​ទុក​ឲ្យ​កូនប្រុស​ឈ្មោះ​ សុទ្ធ​ វិសាល​ នៅផ្ទះ​តែ​ម្នាក់ឯង​រហូត​ដល់​ម៉ោង​១១​ថ្ងៃត្រង់​ទើប​ខ្លួន​បាន​មក​ផ្ទះ​វិញ​ រួច​ក៏​ដើរ​រក​កូន​ក្នុងផ្ទះ​ ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​បិទ​ជាប់​គន្លឹះ​ពី​ខាងក្នុង​ ខ្លួន​ក៏​អើត​មើល​តាម​ប្រហោង​ទ្វារ​ ស្រាប់តែ​ឃើញ​កូន​របស់​ខ្លួន​ចង​​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជាប់​ជញ្ជាំង​ទៅ​នឹង​ប្រហោង​ឥដ្ឋ​ខ្យល់​ រួចខ្លួន​ក៏​យក​កូនសោ​ចាក់​បើកទ្វារ​ហើយ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្ដង ​។​

ឪពុក​ជន​រង​គ្រោះ​បាន​បញ្ជាក់​ពី​មូលហេតុ ​នៃ​ការ​ធ្វើ​អត្តឃាត​នេះ​ថា​ កូនប្រុស​របស់​ខ្លួន​មាន​វិបត្ដិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ​ជា​យូរ​មក​ហើយ​ ដោយ​តែងតែ​គិត​ខ្លី​ចង់​ធ្វើ​អត្តឃាត​ជា​ច្រើន​ដង​មក​ហើយ​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់