ព័ត៌មានជាតិ

ជនបរទេសម្នាក់ដកកាំភ្លើងបាញ់ឡើងលើ ១គ្រាប់ ពេលកម្លាំងអាវុធហត្ថ ចូលទៅឃាត់រាលកៃផ្ទុះ ១គ្រាប់ទៀត ត្រូវខ្លួនឯងរងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីជនបរទេសម្នាក់បានដកកាំភ្លើងខ្លីបាញ់ឡើងលើ ១គ្រាប់ ស្ថិតតាមបណ្តោយផ្លូវ១៥៤ ចំណុចទល់មុខនិងផ្សារសូរិយាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ផែ រី (perry) ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ ផ្នែកធនធានមនុស្ស បច្ចុប្បន្នស្នាក់នៅម្តុំផ្សារដើមគរ។

យោងតាមសម្តីពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានឃើញបុរស រងគ្រោះខាងលើមានកាបូបស្ពាយនៅខាងក្រោយខ្នងមួយ និងមានកាំភ្លើងខ្លីមួយដើម រួចបានដកបាញ់ឡើងលើ ១គ្រាប់ ក៏សៀតកាំភ្លើងទុកក្នុងចង្កេះវិញ ស្រាប់តែ មួយសន្ទុះក្រោយមកពលរដ្ឋបានរាយការណ៍ទៅខាង កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះមកដល់ទីតាំងកើតហេតុ រួចកម្លាំងអាវុធហត្ថបានចូលទៅឃាត់ធ្វើឲ្យជនបរទេសរូបនោះ លូកដៃចូលក្នុងហោប៉ៅប៉ះចំកៃកាំភ្លើង បណ្តាលឲ្យរាលកៃផ្ទុះមួយគ្រាប់ទៀតចំកំផួនជើងខ្លួនឯងខាងស្តាំរងរបួសធ្ងន់។ គួរបញ្ជាក់ទៀតថា ដោយពាក្យអាសអាងពីជនបរទេស នៅក្នុងខ្លួនគាត់ បានបាត់ទូរស័ព្ទ ២គ្រឿងកាបូបលុយ១ និងកាបូបស្ពាយ១រួមទាំងលុយនៅក្នុងខ្លួនប្រមាណជា ១៥០$ ត្រូវបានគេយកអស់។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅខាងរថយន្តសាមុយ មកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ដោយឡែកកាំភ្លើងខ្លីមួយដើម ត្រូវបានកម្លាំងអាវុធហត្ថ ដកហូតយកទៅរក្សាទុកដើម្បី ធ្វើការស្រាវជ្រាវបន្ត នៅពេលក្រោយ៕

មតិយោបល់